ក្រសួងការងារ អះអាងថា រហូតមកដល់ពេលនេះ រោងចក្រចំនួន១០ ត្រូវបានផ្អាកសង្វាក់ផលិតកម្ម ធ្វើឲ្យប៉ះពាល់ដល់កម្មករជាង៣ពាន់នាក់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន១០ ត្រូវបានផ្អាកសង្វាក់ផលិតកម្ម បានធ្វើឲ្យប៉ះពាល់ដល់កម្មករជាង៣ពាន់នាក់ ដោយសារខ្វះវត្ថុធាតុពីប្រទេសចិន បន្ទាប់ពីវិរុសកូវិដ១៩ ផ្ទុះឡើង។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការផ្អាកចង្វាក់ផលិតកម្មផ្នែកខ្លះរបស់រោងចក្រទំាង១០នោះ នឹងប៉ះពាល់ដល់កម្មករនិយោជិកប្រមាណ៣ពាន់នាក់ ហើយការផ្អាកដំណើរការសង្វាក់ផលិតកម្មនេះ បណ្តាលមកពីការផ្ទុះឡើងនៃវិរុស Covid-19 នៅប្រទេសចិន ហើយមិនអាចដឹកជញ្ជូនវត្ថុធាតុដើម (ក្រណាត់) មក បាន បញ្ហានេះមិនមែនប៉ះពាល់តែប្រទេសកម្ពុជាមួយទេ តែពិភពលោកទាំងមូល ក៏បាននិងកំពុងរងផលប៉ះពាល់ដូចគ្នានេះផងដែរ។

ឯកឧត្តម បានឲ្យដឹងទៀតថា បញ្ហានេះរាជរដ្ឋាភិបាលកំពុងរកដំណោះស្រាយជូនកម្មករ កម្មការិនី ដោយធ្វើយ៉ាងណាឱ្យមានវត្ថុធាតុដើមឡើងវិញក្នុងរយៈពេលខ្លីខាងមុខ ដើម្បីដំណើរការ រោងចក្រឡើងវិញ ។ឯកឧត្តម បានបន្តទៀតថា ក្រសួងការងារ កំពុងសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីគិតគូរដោះស្រាយប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ -កម្មការិនី ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល និងស្នើដល់កម្មករដែលនឹងអាចបាត់បង់ការងារ សូមមកទទួលវគ្គបណ្តុះបណ្តាល ដែលក្រសួងនឹងរៀបចំ។
សំឡេង៖ ក្រសួងកំពុងចុះស្រង់ចំនួនអ្នកដែលត្រូវព្យួរការងារ ដើម្បីធ្វើយ៉ាងម៉េចអោយពួកគាត់មករៀនវគ្គជំនាញទុន ដើម្បីយើងផ្តល់២០ភាគរយនៃប្រាក់ឈ្នួលអប្បបរមា ជូនគាត់។ ហើយក្នុងចំណោមរោងចក្រទាំង១០ហ្នឹង មានមនុស្សប្រហែលជា៧ពាន់នាក់ តែមិនមែនព្យួររទាំងអស់ទេ ដោយសារតែនេះជាការព្យួរនៃសង្វាក់ផលិតកម្មខ្លះ ដូច្នេះក្នុងចំណោម ៧ពាន់នាក់នេះ មានត្រឹមតែជាង៣ពាន់នាក់តែប៉ុណ្ណោះ ដូច្នេះយើងនឹងដោះស្រាយជូនពួកគាត់ ហើយសម្តេច ថា ការរៀនវគ្គជំនាញទុននេះមានរយៈពេលអាចមួយអាទិត្យទៅពីរអាទិត្យ។
សូមបញ្ជាក់ថា តាមមការព្យាករណ៍ នៅដើមខែមីនា ខាងមុខនេះ អាចនឹងមានរោងចក្រ សហគ្រាស ប្រមាណជិត២០០ នឹងប្រឈមការខ្វះវត្ថុធាតុដើមពីចិន ហើយអាចនឹងប៉ះពាល់ដល់ កម្មករ-កម្មការី ប្រហែល ១៦ ម៉ឺននាក់ ៕