ក្រសួងផែនការថា ការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩មានភាពសុក្រឹត្យជាង៩៧.៥ភាគរយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ឋី

MC:មន្រ្តីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា ការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩មានភាពសុក្រឹត្យ​​ត្រឹមត្រូវ​រហូតដល់ជាង៩៧.៥ភាគរយ ដែលនេះបង្ហាញពីការរាប់សម្ភាសន៍ដែលគុណភាព ប្រសិទ្ធភាព និងតម្លាភាព។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិ ស្ថិតិនៃក្រសួង​ផែនការ​បានមានប្រសាសន៍ថា ការធ្វើជំរឿនប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែល​អាច​​ផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានលោកជំទាវបានបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ រហូតដល់៩៧.៥ភាគរយ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធយកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការយកទៅធ្វើផែនការផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅអង្គការ​សហប្រជាជាតិផងដែរ។

(សំឡេង)លទ្ធផលនៃការធ្វើជំរឿននៅប្រទេសកម្ពុជារបស់យើងនេះមានភាពសុក្រឹត្យបានជាង៩៧ភាពរយហើយលទ្ធផលរបស់យើងនេះអាចបានជាទូទៅតាមគោលការណ៍និងគោលបំណងសព្វបែបយ៉ាងលទ្ធផលយើងនិងយកទៅប្រើប្រាស់និងធ្វើរបាយការណ៍អនុវត្តន៍ផែនការតាមដានវាស់វែងនៃគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ដែលលក្ខណៈសំគាល់នៅតំបន់អាស៊ាននិងសកលលោកផងដែរ។
លោកជំទាវបានបន្ថែមថា បើតាមតួលេខបណ្តោះអាសន្ន នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ ក្នុងរយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។
សូមបញ្ជាក់ថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ១.០ភាគរយ៕