អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ផ្តើមសាងសង់ ខឿនច្រាំងទន្លរ ជាង២០០ម៉ែត្របន្ថែមទៀតនៅដើមឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា៖ លោក គឹម ហឿន ស្ទឹងត្រែង

MC៖
ខឿនច្រាំងតាមមាត់ទន្លេសេកុងត្រូវបានអាជ្ញាធរខេត្តចាប់ផ្តើមបន្តសាងសង់បន្ថែមជាង២០០ម៉ែត្រទៅមុខទៀតចាប់ចេញពីមុខទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តទៅដល់ចំណុចស្ពានព្រែកក្នុងភូមិព្រែកសង្កាត់ព្រះបាទក្រុងខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពសាងសង់ខឿនច្រាំងមាត់ទន្លែខេត្តស្ទឹងត្រែងថ្ងៃទី២៧កុម្ភៈ លោក ពាង ប៊ុន រី មេការទទួលការងារសាងសង់សំណង់ខឿនច្រាំងទន្លេនេះបានបញ្ជាក់ថា៖សំណង់នេះបានចាប់ផ្តើមសាងសង់នៅដើមខែកុម្ភៈ និងគ្រោងបញ្ជាប់សកម្មភាពសាងសង់នៅមុនរដូវវស្សា ទឹកឡើង។
លោកបន្តថានេះជាសមិទ្ធផលថ្មីមួយទៀតដែលអាជ្ញាធរខេត្តស្ថាបនាឡើងសម្រាប់ចាក់ដីបំពេញទៅខាងមាត់ច្រាំងទន្លេ ដើម្បីការពារកុំឱ្យទឹកហូរច្រោះបាក់ បង្កផលប៉ះពាល់ដល់ថ្នល់ជាតិនៅតាមផ្លូវមាត់ទន្លេនេះ។

លោកផាន់វុទ្ធីភ្ញៀវទេសចរមកពីខេត្តព្រះវិហារបានចាត់ទុកថា៖នេះជាយុទ្ធសាស្ត្រមួយបានផ្តល់​លទ្ធភាព​ឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានកន្លែងលេងកំសាន្ត ហាត់ប្រាណ និងបានជួយលើកកម្ពស់​សោភណ្ឌ័ភាពក្នុងខេត្តឱ្យកាន់តែមាន ភាពល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា៖ខឿនច្រាំងតាមមាត់ទន្លេសេកុងត្រូវបានអាជ្ញាធរខេត្តសាងសង់ឡើងបន្តិចម្តងៗចាប់ពីចំណុចកំពង់ផែក្រុងស្ទឹងត្រែង​ ទៅដល់ផ្លូវមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមានប្រវែងប្រមាណ៥០០ម៉ែត្រហើយ និងនៅឆ្នាំ២០២០នេះ បន្តសាងសង់ជាង២០០ម៉ែត្របន្ថែមទៀត៕