មនុស្សស្លាប់ដោយ COVID-19 នៅចិនថយចុះត្រឹម២៩នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២៩ នាក់បន្ថែមទៀតដោយសារជំងឺ COVID-19នៅក្នុងប្រទេសចិនដែលនេះជាតួលេខប្រចាំថ្ងៃក្នុងអត្រាទាបបំផុតក្នុងរយៈពេលជិតមួយខែកន្លងមកនេះ។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងទៀតថា ក្នុងចំណោមមនុស្សស្លាប់ដោយ COVID-19 ទាំង ២៩ នាក់ខាងលើនេះ មាន២៦នាក់ស្ថិតនៅក្នុងខេត្ត Hubei ខណៈ៣នាក់ទៀតនៅទីក្រុងប៉េកាំង ខេត្តហីឡុងជាំង និងខេត្តហ៊ើណាន។នៅក្នុងរយៈពេលពេញមួយថ្ងៃពុធ មនុស្សសរុប ៤៣៣នាក់ បន្ថែមទៀតត្រូវបានរកឃើញថាមានផ្ទុកមេរោគ COVID-19 ដូច្នេះនាំឲ្យអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៤៩៧ករណី និង អ្នក ស្លាប់ទូទាំងប្រទេស បានកើនឡើងដល់ ២,៧៤៤នាក់។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានប្រទេសនិងតំបន់ជាង ៤០ លើពិភពលោក បានរាយការណ៍ពីការឆ្លងមេរោគ COVID-19 ខណៈអង្គការសុខភាពពិភពលោក WHO ក៏ បានព្រមានពីការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើងយ៉ាងគំហុក៕
ប្រភព៖សារព័ត៌មាន Channel News Asia