អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) ធ្វើការរួមគ្នាដើម្បីរកវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លង Covid-19

វិទ្យុជាតិកម្ពុជា ៖ យីវិច្ឆិកា ២៧ ០២ ២០២០៖

អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) ធ្វើការរួមគ្នា ដើម្បីរកវិធានការការពារសុខភាពនិងទប់ស្កាត់ការឆ្លង Covid-19 ខណៈដែលជំងឺនេះកាន់តែរីករាលដាលកាន់តែច្រើនឡើង ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងថា ខណះដែលការរីករាយដាលនៃជម្ងឺវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមាន អង្គការសុខភាពពិភពលោក និងអង្គការទេសចរណ៍ពិភពលោកប្តេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងការធ្វើដំណើរ ទៅនឹងវិបត្តិ Covid-19 នេះ។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរាតត្បាតនៃ Covid-19 ជាភាពអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន ។ អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ។ផ្អែកតាមព័ត៌មានទទួលបាននាពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានាយ៉ាងជិតស្និទ្ធ សំដៅពង្រីកឲ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លងនិងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សកលលោក ស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។
អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) បានធ្វើការប្តេជ្ញាមុតមាំ តម្កល់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ពលរដ្ឋជាអាទិភាព ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទីស្នូលយ៉ាងសំខាន់ក្នុងការធានាឲ្យវិស័យនេះ អាចចូលរួមទប់ស្កាត់ ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកកំពុងសហការប្រឹក្សាយោបល់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងដៃគូផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយ ឲ្យធានាបានការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឲ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និង ពាណិជ្ចកម្មអន្តរជាតិ។ ការឆ្លើយតបពីវិស័យទេសចរណ៍ ទាមទារឲ្យមានការថ្លឹងថ្លែងសមស្របទៅតាមភាពគម្រាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឲ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍ មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅរបស់អង្គការសុខភាពពិភពលោក។
អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយគ្រប់សហគមន៍ទាំងអស់ និងប្រទេសទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្ននៃសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និងកាន់តែរឹងមាំ។ ការរឹតបន្តឹងលើការធ្វើដំណើរទាំងឡាយណាដែលឃ្លាតឆ្ងាយពីស្មារតីខាងលើ អាចបណ្តាលឲ្យមានការរំខានមិនចាំបាច់ដល់ចរាចរណ៍អន្តរជាតិ រួមទាំងផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍ផងដែរ ។ ស្ថិតក្នុងដំណាក់កាលប្រឈមនេះ អង្គការសុខភាពពិភពលោកសូមចូលរួមជាមួយសហគមន៍អន្តរជាតិទាំងអស់ ដើម្បីរក្សាសាមគ្គីភាពជាមួយប្រទេសរងផលប៉ះពាលនានា ៕