លោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា ហានិភ័យដោយCOVID-19 មានកំរិតទាបណាស់នៅអាមេរិក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លើកឡើងថា អត្រាហានិភ័យដោយ COVID-19 លើពលរដ្ឋអាមេរិកមានកំរិតទាបណាស់ ដែលនេះគឺដោយសារវិធានការរដ្ឋាភិបាលរបស់លោក រឹតត្បិតការធ្វើដំណើរលើអ្នកដំណើរចិនទាំងអស់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក ថា រដ្ឋាភិបាលបានធ្វើគ្រប់បែបយ៉ាងដើម្បីការពារពលរដ្ឋអាមេរិកទាំងអស់ពី COVID-19 ទោះបីជាការសម្រេចចិត្តរបស់លោកត្រូវបានគេចំអកឲ្យតាំងពីពេលដំបូងក៏ដោយ។លោកបន្តថា រដ្ឋាភិបាលបានស្នើសុំថវិកាពីសភាចំនួន ២,៥ ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ការព្យាបាល វ៉ាក់សាំង និងស្តុកសម្ភារៈបរិក្ខារសុខាភិបាលសំខាន់ៗ តែលោករិតតែសប្បាយចិត្តក្នុងការចំណាយច្រើនជាងនេះ ប្រសិនបើក្រុមបក្សប្រជាធិបតេយ្យស្នើសុំ។ម៉្យាងវិញទៀត យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របខ្លួន ហើយយើងបានត្រៀមខ្លួនធ្វើអ្វីដែលយើងត្រូវធ្វើ ប្រសិនបើជំងឺនេះរីករាលដាល។
សូមបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លង COVID-19 សរុប ៦០នាក់ ហើយរដ្ឋបាលលោក ដូណាល់ ត្រាំ នៅតែលើកឡើងជាថ្មីថា អត្រាឆ្លងនៃមេរោគ COVID-19 នៅអាមេរិកស្ថិតក្នុងកម្រិតហានិភ័យទាបណាស់៕
ប្រភព៖ សារព័ត៌មាន Channel News Asia