ការអភិវឌ្ឍផ្លូវជាតិលេខ៥៨ដែលតភ្ជាប់ពីទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ បានធ្វើឲ្យសម្តេចតេជោសម្រេចគោលដៅធំទំាង២ព្រមៗគ្នា

វិទ្យុជាតិកម្ពុជា ៖

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា ការអភិវឌ្ឍផ្លូវជាតិលេខ៥៨ដែលតភ្ជាប់ពីទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ បានធ្វើឲ្យកម្ពុជាសម្រេចគោលដៅធំទំាង២ព្រមៗគ្នាក្នុងពេលតែមួយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាបានមានប្រសាសន៍ថា គោលដៅទំាង២នេះគឺបានដាក់ចេញក្រោយពីអនុវត្តទទួល បានជោគជ័យនយោបាយឈ្នះឈ្នះរបស់សម្តេច។ ក្នុងនោះគោលដៅទី១គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់អោយក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ។ ចំណែកគោលដៅទី២វិញគឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្តើមចេញពីនយោបាយ ឈ្នះ ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពីចុងឆ្នាំ១៩៩៨ នេះហើយគឺបានពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាបានទំាងស្រុង ។

សម្លេង«ជាតិលេខ៥៨ដែលយើងកំពុងតែសម្ពោធដាក់ឲ្យប្រើប្រាស់គឺជាផ្លូវដែលដាក់បម្រើឲ្យគោលដៅទាំងពីរនេះតែម្តង បន្ថែមលើនោះបើយើងពិនិត្យឡើងវិញផ្លូវជាតិលេខ៥៩ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្លងកាត់តាមមាឡៃឆ្លងកាត់តាមកំរៀងភ្នំព្រឹករហូតទៅដល់ប៉ៃលិនក៏ផ្លូវមានតួនាទីដូចគ្នាបម្រើឲ្យគោលដៅទាំងពីរដូចគ្នាហើយត្រូវបានទទួលហរិញ្ញាទានពីសាធារណរដ្ឋប្រជាមានិតចិន។ដែលចាត់ទុកជាការអនុវត្តន៍ដោយជោគជ័យគោលដៅទាំងពីរដែលខ្ញុំបានដាក់ចេញបន្ទាប់ពីការអនុវត្តនយោបាយឈ្នះៗជោគជ័យនៅឆ្នាំ១៩៩៨ពិនិត្យមើលកន្លែងនេះយើងពិតជាមានមោទភាពដោយសារអតីតសមរភូមិមួយនេះក្លាយទៅជាតំបន់មានការអភិវឌ្ឍខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទភាពដែលរួមចំណែកជាមួយប្រជាជនកម្ពុជារួមចំណែកជាមួយកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់ភាគីពាក់ព័ន្ធក៏ដូចជាមួយតួអង្គទាំងឡាយដែលបានធ្វើកិច្ចការសម្រាប់ប្រទេសជាតិរបស់យើងមានការជួបជុំឡើងវិញបន្ទាប់ពីការបែកបាក់ចែកជាចំរៀកៗ ក្នុងការត្រួតត្រាទឹកដី។ អនុញ្ញាតឲ្យខ្ញុំព្រះករុណានិយាយចំណុចនេះបន្តិច ដើម្បីឲ្យរំលេចឃើញតួនាទីរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏រំលេចឲ្យឃើញអំពីតួនាទីអ្នកចូលរួមទាំងអស់ក្នុងការបញ្ចាប់បញ្ហាសង្គ្រាម នាំមកនៅការបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដល់យូរលង់របស់ប្រទេសកម្ពុជា៕