អាជ្ញាធរខណ្ឌមានជ័យ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ ក្នុងវេទិកាសាធារណៈ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៧ ០២ ២០២០ ៖

អាជ្ញាធរខណ្ឌមានជ័យ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ ក្នុងវេទិកាសាធារណៈ នូវបញ្ហាដែលជួបប្រទះ ពិសេសដើម្បីងាយឲ្យអាជ្ញាធរដោះបញ្ហាឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីផ្តល់អំណោយមនុស្សធម៌ ជូនគ្រួសារជួបជីវភាពខ្វះខាត ចាស់ជរា ជនគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ និង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌមានជ័យ បានឲ្យដឹងថា វេទិកាសាធារណៈ ជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋធ្វើការសំណូមពរនូវបញ្ហាផ្សេងៗ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយជូន ជាពិសេសប្រជាពលរដ្ឋក៏អាចប្រាប់ពីចំណុចខ្វះខាតរបស់អាជ្ញាធរដែលត្រូវតែសម្រួលបន្ថែមទៀត។
លោក ឌីរ័ត្ន ខេមរុណ បន្ថែមថា ដើម្បីមានការអភិវឌ្ឍ និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពក្សេមក្សាន្ដនោះ ត្រូវតែមានការចូលដាច់ខាតពីប្រជាពលរដ្ឋ ព្រោះថាបើគ្មានការរាយការណ៍ឬក៏សំណូមពរទេ អាជ្ញាធរមានសម្ថកិច្ចមិនអាចដឹងអស់ពីទុក្ខកង្វល់របស់ពួកគាត់នោះទេ។
សំឡេង៖ «អញ្ចឹងយើងដឹងហើយការចូលរួមក្នុងវេទិកាសាធារណៈនេះ គឺមានសារៈប្រយោជន៍ខ្លាំងបំផុតនៅក្នុងការឲ្យអ៊ុពូមីងលោកតាលោកយាយទទួលយកនូវអ្វីដែលជាក្ដីកង្វល់ ដែលជាទុក្ខលំបាករបស់ អ៊ុពូមីង លោកតាលោកយាយដែលតម្រូវឲ្យ អាជ្ញាធរសង្កាត់ខណ្ឌមានការដោះស្រាយជូន ដូចជានៅផ្ទះបងស្រីនៅខាងក្រោយមានប្រព័ន្ធលូលិចទឹកដូចជា ដល់ពេលវេទិកាសាធារណៈនៅតាមសង្កាត់ នៅតាមមូលដ្ឋាននិមួយៗ អ៊ុពូមីងលោកតា លោកយាយចូលមក លើកដៃ ឬក៏មិនហ៊ាននិយាយនៅក្នុងមេក្រូ សរសេរជាលិខិតសំណូមពរ តាមរយៈវេទិកាសាធារណៈ ដាក់ក្នុងប្រអប់ស្រោមសំបុត្រ នោះមន្ត្រីរបស់ក្រុមការងារ នឹងដកស្រង់យកសំណូមពររបស់អ៊ុពូមីងលោកតាលោកយាយ រួមទាំងសេវាតម្រូវការយកមកដោះស្រាយភ្លាមៗមិនទុកឱ្យអុំពូមីងលោកតាលោកយាយជួបការលំបាកនោះទេ នេះជាកត្តាចាំបាច់ដែល អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយនេះឯង»។
លោក ឌីរត្ន័ ខេមរុណ ក៏បានជំរុញឲ្យប្រជាបលរដ្ឋទាំងអស់ ចូលរួម ថែក្សាការពារសុខសន្ដិភាព ខណៈដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្ពស់ឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាកម្ពុជា។ ជាមួយគ្នានេះ ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ តាមរយៈការយកចិត្តទុកដាក់ពេល អុជធូប អុជទាន និងចង្ក្រានហ្គេសផ្សេងៗ ព្រមទាំងយកចិត្តទុកដាក់មុននឹងចាកចេញពីផ្ទះ ត្រូវបិទប៉ារ៉ែតភ្លើង ពន្លត់ ភ្លើងធូបទានជាមុនសិនមុនចេញពីផ្ទះ៕