ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត អប់រំផ្សព្វផ្សាយព័ត៌មាននិងវិធានការ ការពារការឆ្លងជំងឺគ្រុនផ្តាសាយបក្សី

វិទ្យុជាតិកម្ពុជា៖ ស្រីផល 27,02,2020៖

ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត អប់រំផ្សព្វផ្សាយព័ត៌មាន និងវិធានការការពារ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីបង្ការទប់ស្កាត់ជំងឺនេះ កុំអោយកើតមានឡើង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្របពេលដែលមានការជំរុញការអប់រំផ្សព្វផ្សាយ និងវិធានការការពារ វីរុស COVID-19 ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងដោយផ្អែកតាមព័ត៌មានពីខេត្ត ភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ មានផ្ទុះជំងឺផ្តាសាយបក្សី H5N1 អាជ្ញាធរវៀតណាម បានកំទេចសត្វមាន់ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល ។ ដូច្នេះ ដើម្បីការពារជំងឺនេះ ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត បង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាមដូចជា៖ ខេត្តកណ្តាល, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពត ,រតនគីរី ,មណ្ឌលគីរី, កែប, និងខេត្តតាកែវ ដោយមិនត្រូវទទួលទានសត្វបក្សីឈឺ ឬងាប់ ត្រូវចំអិនឲ្យបានឆ្អិនល្អ, ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយនិងសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបក្សី។ បើបុគ្គលណាម្នាក់មានគ្រុនក្តៅលើសពី ៣៨.៥ អង្សារសេ ក្អក ពិបាកដកដង្ហើម និង មានប្រវត្តិប៉ះពាល់ជាមួយបសុបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍១១៥ ឬទូរស័ព្ទ ០១២ ៤៨៨ ៩៨១ / ០១២ ៨៣៦ ៨៦៨។