ចំនួនអ្នកឆ្លង COVID-19 នៅអ៊ីតាលីកើនដល់ជាង៣៥០ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អាជ្ញាធរអ៊ីតាលីបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 ទូទាំង ប្រទេសបានកើនឡើងដល់ជាង ៣៥០ ករណី ដែលក្នុងនោះមានទាំងក្មេងៗទៀតផង។ នេះបើតាម ការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។ការឆ្លងរីករាលដាលមេរោគ COVID-19 នៅភាគខាងជើងប្រទេសអ៊ីតាលី កាន់តែ មានសភាពធ្ងន់ធ្ងរឡើងៗ ដែលការឆ្លងថ្មីមានជាង ៣០ករណីបន្ថែមទៀតនៅថ្ងៃពុធ នាំ ឲ្យ ចំនួនអ្នកឆ្លងវីរុសនេះកើនដល់ជាង ៣៥០នាក់ ខណៈមនុស្សស្លាប់សរុបបានកើនដល់ ១១ នាក់។អាជ្ញាធរអ៊ីតាលីបានបញ្ជាក់ថា ការផ្ទុះមេរោគឆ្លងកូរ៉ូណាថ្មីស្ថិតនៅតំបន់ធំៗ ចំនួនពីរ គឺឡុមបាឌី (Lombardy) ចំនួន ២៥៩ករណី និងវែនណេតូ (Veneto) ៥៨ករណី។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានលើកឡើងថា ទោះបីជាការបន្ត ធ្លាក់ចុះនៃចំនួនករណីអ្នកឆ្លង COVID-19 នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែការឆ្លងថ្មីនៅតាមបណ្តាប្រទេសផ្សេងទៀតនឹងអាចបន្តកើនឡើងយ៉ាងគំហុក៕
ប្រភព៖ សារព័ត៌មាន Channel News Asia