ក្រុមនាវិករបស់នាវា Westerdam រៀបចំអាហារសាមគ្គីជាការថ្លែងអំណរគុណ មុនពេលចាកចេញពីកម្ពុជា

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ២៦ ០២ ២០២០៖


ក្រុមនាវិករបស់នាវា Westerdam នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានរៀបចំពិសារអាហារសាមគ្គី ដោយមានការអញ្ជើញឯកឧត្តម គួច ចំរើន អភិបាល នៃ គណ:អភិបាល ខេត្ត ព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងព្រះសីហនុ។
ក្នុងពិធីនេះ លោកមេបញ្ជាការនាវា បានថ្លែងកោតសរសើរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជានូវទឹកចិត្តមនុស្សធម៌ដ៏ល្អ និងគ្មានការរើសអើងដោយបានអនុញាត្តទទួលយកនាវា Westerdam នាវិក និងភ្ញៀវទេសចរទាំងអស់ ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ជាពិសេសជួយដល់ដំណើរត្រលប់ទៅកាន់ប្រទេសកំណើតរបស់ភ្ញៀវទេសចរ ទទួលបានជោគជ័យលើសពីការរំពឹងទុកទៅទៀត ។ លោកមេបញ្ជាការ បានថ្លែងថា «យើងទាំងអស់គ្នានឹងចងចាំអំពីកម្ពុជាទុកក្នុងបេះដូង នឹងប្រាប់ដល់កូនចៅជំនាន់ក្រោយៗ អំពីទឹកចិត្តដ៏ល្អប្រពៃនេះ» ។
ឯកឧត្តម គួច ចំរើន បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់នាវិកទាំងអស់ និងបានជូនពរដល់ក្រុមនាវិក និងអ្នករួមដំណើរទាំងអស់ទទួលបានសេចក្តីសុខសុវត្ថិភាព ក្នុងដំណើរវិលត្រលប់ទៅកាន់គោលដៅបន្ត នាពេលខាងមុខនេះ។ ឯកឧត្តម មានប្រសាសន៍ដោយរីករាយស្វាគមន៍ដល់ក្រុមនាវិក និងភ្ញៀវទេសចរទាំងអស់ នៃនាវា Westerdam មកកំសាន្តនៅខេត្តព្រះសីហនុ ជាបន្តទៀត ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្តល់ជូននូវបាច់ផ្កាដ៏ស្រស់ស្អាត របស់ទុកជាអនុស្សាវរី៍ដល់លោកមេបញ្ជាការនាវា Westerdam ក្នុងនោះដែរ លោកមេបញ្ជាការនាវា ក៏បានផ្តល់នូវរបស់អនុស្សាវរី៍យ៍ និងកូនសៀវភៅតូច Westerdam សម្រាប់ទុកជាការដូរដល់រដ្ឋបាលខេត្តព្រះសីហនុផងដែរ លោកមេបញ្ជានាវា ក៏បានសន្យាថា នឹងវិលត្រឡប់មកម្តងទៀត កំពង់ផែខេក្រុងព្រះសីហនុ ដោយនាវាកាប៉ាល់ផ្សេងទៀត ៕