អាជ្ញាធរ​ខេត្តព្រះសីហនុ ប្រកាស​ស្វែងរក​​ ពលរដ្ឋ ដែលកាន់កាប់ដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ រួសរាន់​ ផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ ដល់ក្រុមការងារបច្ចេកទេស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ខេត្ត​ព្រះ​សីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង អោយប្រជាពលរដ្ឋ និងសាធារណជន ដែលកាន់កាប់ដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ចូលរួមផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធពីការកាន់កាប់ដី ដល់ក្រុមការងារបច្ចេកទេស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះជាកំហិត។
​ យោង​តាម​សេចក្តីជូនដំណឹងរបស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ដែលបោះត្រា​ និង​ចុះ​ហត្ថលេខា​ ដោយ​ ឯកឧត្ដម​ គួច​ ចំរេីន​ ចុះថ្ងៃទី​២៦កុម្ភ: បានអោយដឹងថា   រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបដល់សាធារណជននិងប្រជាពលរដ្ឋដែលបានកាន់កាប់ដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយដែលបានកាត់ចេញចុះពីអនុក្រឹតលេខ៧៨អនក្រ.បក ចុះនៅថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០១៦ តាមអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០១៦នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយអាជ្ញាធរសង្កាត់លេខ ១ ក្រុងព្រះសីហនុបានចុះវាស់វែងកំណត់និយាមការតាមក្បាលដីនីមួយៗក្នុងតំបន់ខាងលើជាប់ជាស្ថាពរហើយអ្នកកាន់កាប់ដីមួយចំនួនធំបានចូលរួមផ្ដល់ព័ត៌មាននិងឯកសារបញ្ជាក់ពីការកាន់កាប់ដីជូនក្រុមការងាររួចរាល់ហើយដោយឡែកនៅសល់ក្បាលដីប្រមាណជាង ១ ០០០ក្បាលដីទៀតអ្នកកាន់កាប់ដីពុំទាន់បានចូលរួមផ្ដល់ព័ត៌មាននិងឯកសារបញ្ជាក់ពីការកាន់កាប់ដីជួនក្រុមការងារនៅឡើយទេ​ ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា​ រដ្ឋបាលខេត្តព្រះសីហនុស្នើសុំសាធារណជននិងប្រជាពលរដ្ឋដែលពុំទាន់បានចូលរួមផ្ដល់ព័ត៌មាននិងឯកសារបញ្ជាក់ពីការកាន់កាប់ដីជួនក្រុមការងារសូមអញ្ជើញចូលរួមសហការផ្ដល់ព័ត៌មានជួនក្រុមការងារគិតចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ ជាកំហិតនៅសាលាសង្កាត់លេខ ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
ទទួលបានសេចក្តីជូនដំណឹងខាងលើសូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដីធ្លីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយដែលនៅសេសសល់សូមអញ្ជើញរួសរាន់ចូលរួមសហការឱ្យបានទាន់ពេលវេលាដែលភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារនិងឯកសារបញ្ជាក់ពីការកាន់កាប់ដីធ្លីក្នុងតំបន់ខាងលើដើម្បីក្រុមការងារទទួលបានព័ត៌មានពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ៕