រដ្ឋបាលខេត្តស្វាយរៀងសម្រេចបើកឲ្យមានការប្រឡងជ្រើសរើសសិស្សនិស្សិតឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២០ចំនួន០៦នាក់

វិទ្យុជាតិកម្ពុជា៖ ស្រីផល 26,02,2020៖

រដ្ឋបាលខេត្តស្វាយរៀង សម្រេចបើកឲ្យមានការប្រឡងជ្រើសរើស សិស្ស និស្សិត ឲ្យចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២០ ចំនួន០៦នាក់ ដើម្បីចូលបម្រើការងារនៅសាលាខេត្តស្វាយរៀង។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា សម្រាប់ឆ្នាំ២០២០នេះ បេក្ខជនដែលមានបំណងចូលបម្រើការងារអាចមកទទួលពាក្យសុំចុះឈ្មោះ ដើម្បីចូលប្រឡង នៅសាលាខេត្តស្វាយរៀង(ទីចាត់ការគ្រប់គ្រងធនធានមនុស្ស) នៅរៀងរាល់ម៉ោងធ្វើការ។
ការប្រឡងនេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅ មណ្ឌលប្រឡងខេត្ត សាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង។
ចំពោះបេក្ខជនទាំងពីរភេទ ដែលមានសិទ្ធិសុំចុះឈ្មោះប្រឡង ត្រូវបំពេញតាមលក្ខខណ្ឌនៃការជ្រើសរើស ដោយត្រូវមានសញ្ជាតិខ្មែរ,មានកាយសម្បទាគ្រប់គ្រាន់,មានសុខភាពល្អ, ករណីបេក្ខជនជាជនពិការ សាមីខ្លួនត្រូវមានស្ថានភាពពិការភាពសមស្រប ដែលអាចបំពេញការងារបាន,មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិជាពលរដ្ឋ, ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយមិនលើសពី២៥ឆ្នាំ, ការកម្រិតអាយុត្រូវបានរំកិលពី២៥ឆ្នាំដល់៣៥ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូលនិង៤០ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល, បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្របណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ, ជនពិការ បេក្ខជនជាស្រ្តី និងបេក្ខជនដែលនៅតំបន់ដាច់ស្រយាល ត្រូវបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់ នៅក្នុងការប្រឡងប្រជែងនេះ ៕