គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រវាយប្រហារតំបន់តានីមបារ(Tanimbar)ប្រទេសឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប(EMSC)បានឲ្យដឹងថា តំបន់តានីមបារ (Tanimbar) ប្រទេសឥណ្ឌូនេស៊ីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រនៅថ្ងៃពុធនេះ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប (EMSC)បានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅ៤៩គីឡូម៉ែត្រ ប៉ុន្តែទីភ្នាក់ងារភូគព្ភសាស្រ្តឥណ្ឌូនេស៊ីបាននិយាយថាមិនទាន់មានការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិពីការរញ្ជួយនេះនៅឡើយទេ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីស្ថិតក្នុងចំណោមប្រទេស ដែលនៅចំតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ទើបជាហេតុធ្វើឲ្យប្រទេសនេះតែងរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់៕ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters