អតីតប្រធានាធិបតីអេហ្ស៊ីប លោក Hosni Mubarak បានទទួលមរណភាពក្នុងអាយុ ៩១ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ស្ថានីយ៍ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អតីតប្រធានាធិបតីអេហ្ស៊ីប លោក Hosni Mubarak បានទទួលមរណភាពកាលពីថ្ងៃអង្គារនៅទីក្រុង Cairo ក្នុងអាយុ ៩១ឆ្នាំ។

កាលពីខែមុន លោកបានទទួលការព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាប់ (ICU) នៅឯគ្លីនិកមួយនៃក្រុង Cairo បន្ទាប់ពីការវះ​កាត់ជំងឺរលាកក្រពះពោះវៀនរួច។

ក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយចាប់តាំងពីការបណ្តេញលោក Mubarak ចេញមកយ៉ាងហោចណាស់មានរបាយការណ៍​ចំនួន ១៦ អំពីការស្លាប់របស់លោកដែលជាព័ត៌មានមិនពិត។ មរណភាពរបស់លោកត្រូវបានគេរាយការណ៍បន្ថែមចំនួនបីដងទៀត ក្នុង​កំឡុងពេលដែលលោកនៅជាប្រធានាធិបតី។ ដោយសារតែបញ្ហានេះ អ្នកសារព័ត៌មានមានការប្រុងប្រយ័ត្នចំពោះរបាយការណ៍ណាមួយ​ទាក់ទងនឹងមរណភាពរបស់អ្នកនយោបាយ ដោយរង់ចាំការបញ្ជាក់ជាផ្លូវការជាមុនសិន។ កាលពីថ្ងៃអង្គារ ក្រុមគ្រួសាររបស់លោក Mubarak និងមេធាវី លោក Farid al-Dib បានបញ្ជាក់ថា អតីតមេដឹកនាំអេហ្ស៊ីបរូបនេះបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ។

យោងតាមលោកមេធាវី al-Dib បានឱ្យដឹងថា លោក Mubarak បានទទួលមរណភាពដោយសារផលវិបាកបន្ទាប់ពីការវះកាត់​មួយដែលលោកបានធ្វើកាលពីដើមខែកុម្ភៈ។ គេហទំព័រសារព័ត៌មាន Masrawy បានដកស្រង់សម្តីរបស់មេធាវីរូបនេះដែលបាននិយាយ​ថា «ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ពីវះកាត់ផលវិបាកនេះក៏បានចាប់ផ្តើមមាន»។ ហើយលោកត្រូវបានគេដាក់នៅលើម៉ាស៊ីនដកដង្ហើម​សិប្បនិម្មិត។ ក្រុមគ្រួសារទាំងអស់ត្រូវបានកោះហៅទៅមន្ទីរពេទ្យ ហើយនៅពេលព្រឹកឡើងថ្ងៃអង្គារ លោក Hosni Mubarak ក៏បានទទួលមរណភាព»។

អតីតមេដឹកនាំនេះមានសិទ្ធិទទួលធ្វើពិធីបុណ្យសពយោធា ក្នុងនាមជាអតីតមន្រ្តីអាជីពនៅក្នុងកងទ័ពអាកាសអេហ្ស៊ីប។ សាច់ញាតិរបស់លោក Mubarak មានផ្នូរគ្រួសារមួយនៅឯទីបញ្ចុះសពមួយក្នុងតំបន់ Heliopolis នៅជាយក្រុង Cairo។

លោក Hosni Mubarak ធ្លាប់ធ្វើជាប្រធានាធិបតីអេហ្ស៊ីបក្នុងឆ្នាំ ១៩៨១-២០១១ ។ លោកត្រូវបានគេបណ្តេញចេញពីតំណែង​បន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុង Cairo និងទីក្រុងផ្សេងៗទៀតរបស់អេសហ្ស៊ីបក្នុងឆ្នាំ ២០១១ និងត្រូវបានបញ្ជាឱ្យបើក​សវនាការលើការចោទប្រកាន់ជាច្រើន រួមទាំងការធ្វើឃាតអ្នកតវ៉ាដោយសន្តិវិធីក្នុងអំឡុងពេលបដិវត្តផងដែរ។ ក្នុងឆ្នាំ ២០១៧ តុលាការកំពូលរបស់អេហ្ស៊ីបបានកាត់ទោសលោក Mubarak ពីបទសមគំនិតក្នុងការសម្លាប់ក្រុមបាតុករ។ ក្នុងឆ្នាំថ្មីៗនេះ លោក Mubarak បានរស់នៅដោយស្ងប់ស្ងាត់ជាមួយក្រុមគ្រួសាររបស់គាត់ ដោយបដិសេធមិនទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយណាមួយ​ឡើយ ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)