ប្រទេសក្រូអាតបញ្ជាក់អំពីករណីដំបូងនៃអ្នកឆ្លងជំងឺCOVID-19

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីក្រូអាត លោក Andrej Plenkovic បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសក្រូអាត បានបញ្ជាក់អំពីករណីដំបូងនៃអ្នកជំងឺឆ្លងមេរោគ COVID-19 ។

លោកនាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «អ្នកជំងឺនេះ គឺជាបុរសវ័យក្មេងម្នាក់ដែលបច្ចុប្បន្នមាន​អាការៈធូរស្បើយហើយ នឹងត្រូវបានអនុញ្ញាតឱ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យសម្រាប់ជំងឺឆ្លង។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្រូអាត លោក Vili Beros បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា អ្នកជំងឺរូបនេះបានស្ថិតនៅ​ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីចន្លោះពីថ្ងៃទី ១៩ និងថ្ងៃទី ២១ ខែកុម្ភៈនេះ។ លោកបាននិយាយបន្តថា ការដាក់ឱ្យនៅដាច់ដោយឡែក​ពីគេ នឹងត្រូវបានរៀបចំសម្រាប់មនុស្សទាំងអស់ដែលបានទាក់ទងផ្ទាល់ជាមួយអ្នកជំងឺម្នាក់នេះ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសនេះកំពុងបង្កើនកម្រិតនៃការការពារ និងវិធានការនានា។ លោក Beros បានិយាយថា «ប្រព័ន្ធសុខាភិបាលបានត្រៀមរួចរាល់ ហើយយើងនឹងធ្វើការដើម្បីធានានូវសុខភាពរបស់ប្រទេសជាតិ»។

កាលពីថ្ងៃអង្គារ មនុស្សចំនួន ៩នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងកំពង់ផែ Rijeka នៃប្រទេសក្រូអាត បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីភាគខាងជើងប្រទេសអ៊ីតាលីដែលជាកន្លែងពួកគេធ្វើការ។

លោករដ្ឋមន្រ្តីបាននិយាយថា ប្រទេសក្រូអាតត្រៀមខ្លួនរួចជាស្រេចដើម្បីបិទព្រំដែនរបស់ខ្លួនប្រសិនបើចាំបាច់៕

(ប្រភព Xinhua បកប្រែដោយ លោក យា ចិន្តាខន្តី)