វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ អំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងកិច្ចការសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានដោយ​អត្ថាធិ-ប្បាយលើសេចក្តីថ្លែងការណ៍មួយដោយស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងមូស្គូមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​របស់សហរដ្ឋអាមេរិកទេ នឹងប្រឆាំងការជ្រៀតជ្រែករបស់បរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់​រុស្ស៊ីដូចគ្នា។ វោហារសាស្ត្រប្រឆាំងនឹងការ​បោះឆ្នោតរបស់រុស្ស៊ីបាននាំឱ្យមានភាពកាន់តែមិនល្អឡើង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Peskov បានកត់សម្គាល់ថា «អ្នកខ្លះមានការគិតមមៃជាមួយនឹងការចោទប្រកាន់រុស្ស៊ីពីការជ្រៀតជ្រែកដោយមិនបង្ហាញ​ភ័ស្តុតាង»។ លោកបាននិយាយបន្ថែមថា «យើងបានបដិសេធម្តងហើយម្តងទៀត។ យោងតាមអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបានឱ្យដឹង​ថា ទីក្រុងមូស្គូទទូចថា «មិនដែលមានការជ្រៀតជ្រែកណាមួយកើតឡើងឡើយ»។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា «រុស្ស៊ីមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទេ ហើយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការរបស់រុស្ស៊ីដូច​គ្នា»។

នៅពេលដែលត្រូវបានសួរថា តើសេចក្តីថ្លែងការណ៍របស់ស្ថានទូតរុស្ស៊ីបានចង្អុលបង្ហាញអំពីជំហរពង្រឹងរបស់រុស្ស៊ីនៅលើឆាក​អន្តរជាតិ លោក Peskov បានធានាអះអាងថា «ប្រទេសរុស្ស៊ីមានទំនុកចិត្តលើខ្លួនឯងទាំងស្រុង»។ ទន្ទឹមនឹងនេះដែរ តាមសម្តីរបស់​លោកបានឱ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង        វ៉ាស៊ីនតោនមិនត្រូវការការគាំទ្របន្ថែមពីវិមានក្រឹមឡាំងទេ។ លោកបានកត់សម្គាល់ថា «ស្ថានទូតបានធ្វើ     សេចក្តីថ្លែងការណ៍មួយក្នុងនាមជាបេសកកម្មការទូតរបស់រុស្ស៊ីនៅសហរដ្ឋអាមេរិក វាជាការអនុវត្តធម្មតា»។

ស្ថានទូតបាននិយាយនៅមុននេះថា «មនោសញ្ចេតនាប្រឆាំងនឹងរុស្ស៊ីនៅក្នុងការតស៊ូរបស់ភាគីសហរដ្ឋអាមេរិកបាននាំឱ្យមាន​ការចុះខ្សោយនៃទំនាក់ទំនងទ្វេភាគីដែលមិនធ្លាប់មានពីមុនមក»។ ស្ថានទូតបានបញ្ជាក់សារជាថ្មីថា ប្រទេសរុស្ស៊ីមិនជ្រៀតជ្រែកនឹង​ដំណើរការក្នុងស្រុកនៅក្នុងប្រទេសដទៃទេ ហើយបានអំពាវនាវឱ្យអ្នកនយោបាយបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន​ ដោយ​បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ថ្មីទៅលើប្រទេសរុស្ស៊ីថា ជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់សហរដ្ឋ អាមេរិក៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)