ក្រសួងព័ត៌មាន បញ្ជៀបការយល់ដឹងដល់ស្រ្តីនៃក្រសួងព័ត៌មានអំពីបញ្ហាមហារីកមាត់ស្បូននិងជំងឺពុកឆ្អឹង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ២៦.០២.២០២០៖

ក្រសួងព័ត៌មាន បញ្ជៀបការយល់ដឹងដល់ស្ត្រីនៃក្រសួងព័ត៌មានអំពីបញ្ហាប្រឈមជំងឺមហារីកមាត់ស្បូន និងជំងឺពុកឆ្អឹង ចំពោះស្រ្តីអស់រដូវ ដើម្បីបង្ការនិងទប់ស្កាត់បានទាន់ពេលវេលាចំពោះសុខភាពស្រ្តី។

លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជានៃក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងកម្មវិធី «ការយល់ដឹងពីមហារីកមាត់ស្បូន និងជំងឺពុកឆ្អឹងចំពោះស្ត្រីអស់រដូវ» នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាក្រសួងព័ត៌មានថា វគ្គផ្សព្វផ្សាយនេះជាផ្នែកមួយនៃគោលដៅរបស់សមាគមនារីកម្ពុជា ដែលតំរូវឲ្យមានការបណ្តុះបណ្តាលដល់ស្រី្ត ក្នុងការយល់ដឹងកាន់តែច្បាស់ពីបញ្ហាសុខភាព ។

លោកជំទាវបន្តថា វគ្គបណ្តុះបណ្តាលនេះបានផ្ដល់ការយល់ដឹង ក្នុងការទប់ស្កាត់ចំពោះខ្លូនឯង និងកូនចៅនៅក្នុងក្រុមគ្រួសារពីជំងឺអោយមានប្រសិទ្ធិភាពជៀសវាការខាតបង់ថវិការ និងពេលវេលា ។

ចំណេះដឹងដែលបានមកពីសិក្ខាសាលានេះ នឹងក្លាយជាប្រយោជន៍ដល់ស្រ្តីក្នុងការយល់ដឹង ទប់ស្កាត់ បង្កា ព្យាបាល ជំងឺមហារីកមាត់ស្បូន និងជំងឺពុកឆ្អឹងដល់ខ្លួនឯង ដល់កូនចៅជាស្រី អោយមានប្រសិទ្ធិភាពជៀសវាងការខាតបង់ការងារ ពេលវេលា និងជាពិសេសថវិការធំដំ ក្នុងការព្យាបាលដែលមិនទទួលផល ឈានដល់ដំណាក់កាលធ្ងន់ បាត់បង់សុខភាព បាត់បង់ជីវិត និងពិការរយៈពេលយូ នេះជាបញ្ហាធំនៅក្នុងគ្រួសារ ក្នុងសង្គម ដោយសារវិបត្តិហិរញ្ញវត្ថុគ្រួសារ ក៍ដូចជាសង្គម។

លោកស្រីវេជ្ជបណ្ឌិត ឈឹម គារ៉ែនណា ឯកទេសសម្ភព និងរោគស្រ្តី នៅមន្ទីរពេទ្រកាល់ម៉ែត បានមានប្រសាសន៍ថា ជំងឺពុកឆ្អឹងជាមូលហេតុនៃការបាក់ឆ្អឹង ហើយអត្រាជំងឺនេះមានរហូតទៅដល់៨,៩ លាននាក់ក្នុងមួយឆ្នាំនៅលើពិភពលោក ហើយក៍ជាជំងឺមួយដែរកើតឡើងយ៉ាងស្ងៀមស្ងាត់បំផុតដែរបង្កអោយមនុស្សបាក់ឆ្អឹង និងជួបផលវិបាករហូតដល់ពិការគេងនៅលើគ្រែ ។ លោកស្រីវេជ្ជបណ្ឌិតបន្តថា បញ្ហាប្រឈមនៃជំងឺពុកឆ្អឹង ច្រើនកើតទៅលើស្ត្រីដែរឆាប់អស់រដូវមុនអាយុ ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការញ៉ាំចំណីដែរខ្វះអាហាររូបត្តម្ភ ដូចជាត្រី បន្លែ ទឹកដោះគោ ដែរមានជាតិកាល់ស្យូម និងវីតាមីនច្រើន ដែលជួយដល់កំហាប់ឆ្អឹង ។

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ឡាយ សានីន ឯកទេសសម្ភព និងរោគស្រ្តី នៅមន្ទីរពេទ្រកាល់ម៉ែត បានអោយដឹងថា ដើម្បីបង្កាជំងឺមហារីកមាត់ស្បូន ស្រ្តីគួរស្គាល់ដៃគូរអោយបានច្បាស់លាស់ កុំជក់បារី ស្រ្តីត្រូវអនុវត្តការរួមភេទដោយសុវត្តិភាពគឺ( មានអនាម័យ ឬប្រើស្រោមអនាម័យ ) កុំរួមភេទជាមួយដៃគួរដែលមានជំងឺកាមរោគ ពិសេសត្រូវធ្វើតេស្តវិភាគ រកមេរោគមហារីកមាត់ស្បូន និងចាក់វ៉ាក់សាំងការពារជំងឺនេះ ។

សូមបញ្ជាក់ថា វគ្គផ្សព្វផ្សាយយល់ដឹងពីសុខភាពស្ត្រី «ការយល់ដឹងពីមហារីកមាត់ស្បូន និងជំងឺពុកឆ្អឹងចំពោះស្ត្រីអស់រដូវ» មានអ្នកចូលរួមចំនួន ១៧០នាក់ ដែលបានអញ្ជើញមកពីក្រសួងស្ថាប័នជាច្រើន ។