ប្រទេសអាល់ហ្សេរីរកឃើញករណីឆ្លង COVID-19 លើកដំបូង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសអាល់ហ្សេរីបានរកឃើញករណីឆ្លង COVID-19 លើជនជាតិអ៊ីតាលីម្នាក់ ដែលនេះជាករណីដំបូងនៅតំបន់អាហ្វ្រិកខាងជើង។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។
ក្រសួងសុខាភិបាលប្រទេសអាល់ហ្សេរីបានឲ្យដឹងទៀតថា អ្នកឆ្លងមេរោគ COVID-19 ដំបូងគេនេះគឺជាជនជាតិអ៊ីតាលីដែលបានធ្វើដំណើរជាមួយមនុស្សម្នាក់ផ្សេងទៀតមកកាន់ប្រទេសអាល់ហ្សេរី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ហើយពេលនេះពួកគេកំពុងសម្រាកព្យាបាលនិងពិនិត្យតាមដាននៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានលើកឡើងថា ការបន្តធ្លាក់ចុះនៃចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនគឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការអន្តរជាតិមួយនេះក៏បានព្រមានថា ការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនយ៉ាងគំហុក៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។