រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងការស្ថាបនាកែលម្អទីក្រុង

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា៖

រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងការស្ថាបនាកែលម្អទីក្រុង
ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីអោយកាន់តែមានភាពស្រស់ស្អាត ប្រកបដោយការទាក់ទាញកាត់បន្ថយការកកស្ទះនិងផ្តល់ភាពងារស្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងពិធីសន្និបាតបូកសរុបការងាឆ្នាំ ២០១៩ និងលើកទិសដៅបន្ត ឆ្នាំ ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអះអាងថា រដ្ឋបាលរាជ ធានីភ្នំពេញមានគម្រោងអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ជា ច្រើនដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសការលើកកម្ពស់សោភ័ណភាព ទីក្រុងឲ្យកាន់តែស្រស់ស្អាត។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាសាលារាជធានីភ្នំពេញបានដាក់ចេញនូវគម្រោងសំខាន់ដូចជាការធ្វើអោយប្រសើឡើង នូវស្ថានភាពចរាចរក្នុងរាជធានីភ្នំពេញ និងកំពុងបន្តយកចិត្តទុកដាក់ កសាងហេដ្ឋារចនសម្ព័ន្ធរូបវន្ត ដូចជា គម្រោងរថភ្លើងអាកាស ប្រភេទ AGT ជាមួយក្រុមហ៊ុនជប៉ុន និង បានសិក្សាស្វែងយល់អំពីប្រព័ន្ធផ្លូវឯកទិស និងធ្វើការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរួមមាន៖ ស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សិក្សាស្ពានអាកាស និងផ្លូវក្រោមដីកាត់មហាវិថីសហព័ន្ធរុស្សី តភ្ជាប់ទៅផ្លូវលេខ ៨៦ មកកាន់តំបន់អភិវឌ្ឍន៍បឹងកក់ សិក្សាផ្លូវក្រោមដី និងតស្ពានភ្ជាប់ក្នុងខណ្ឌច្បារអំពៅសិក្សាផ្លូវក្រោមដីក្នុងខណ្ឌ ឫស្សីកែវ និងគម្រោងផ្លូវអមសងខាង ផ្លូវរថភ្លើងឆ្ពោះទៅរកអាកាសយន្តដ្ឋានភ្នំពេញ និងឆ្ពោះទៅដល់មហាវិថីឈ្នះៗ។
ឯកឧត្តមបានបញ្ជាក់ថា ជាមួយគ្នារដ្ឋបាលរាជធានីភ្នំពេញក៏សម្រេចបានសមិធិផលធំៗ ជាច្រើនទៀត ដូចជាការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរីកលូតលាស់សំណង់អគារហេដ្ឋារចនាសម័ន្ធ ដែលបំរើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្លេង«លទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាននៅឆ្នាំ ២០១៩ កន្លងមក បានកើតឡើងពីការប្រយុទ្ធអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងការលះបង់ខ្ពស់របស់ក្រុមប្រឹក្សា គណៈអភិបាល រដ្ឋបាលខណ្ឌទាំង ១៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញ ទីចាត់ការនិងអង្គភាពចំណុះព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ហើយក៏មិនអាចកាត់ផ្តាច់ចេញបាន ការចូលរួមសហការគាំទ្រពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកសមាជិការ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌទាំង ១៤ ដែលបានចូលរួមយ៉ាងសកម្មក្នុងបំពេញការងារជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។
សូមបញ្ជាថា មកដល់ពេលនេះរាជធានីភ្នំពេញមានខណ្ឌទំាងអស់ចំនួន១៤ខណ្ឌ មាន១១៥ សង្កាត់ ៩៥៣ភូមិ ហើយមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ជាង២លាន២សែននាក់៕