សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់ឱ្យមានការដឹកជញ្ជូនក្រណាត់ ដែលជាវត្ថុធាតុដើមពីចិន មកកម្ពុជា តាមរយៈយន្តហោះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ26,02,2020៖

សម្តេចតេជោ ចង់ឱ្យមានការដឹកជញ្ជូនក្រណាត់ ដែលជាវត្ថុធាតុដើមពីចិន មកកម្ពុជា តាមរយៈយន្តហោះនិងកប៉ាល់ ដើម្បីទប់ស្កាត់កុំឲ្យមានការបិទរោងចក្រ នៅកម្ពុជា។
ថ្លែងក្នុងពិធីម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ ប្រវែងជាង១៧៤ គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោងឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អះអាងថា បច្ចុប្បន្នកម្ពុជា នាំចូលសាច់កំណាត់ប្រមាណ៦០ភាគរយ ពីចិន ដើម្បីផ្គត់ផ្គង់វិស័យកាត់ដេរ ដូច្នេះការដឹកជញ្ជូនវត្ថុធាតុដើមពីចិនមកកម្ពុជា គឺជារឿងមួយដ៏សំខាន់ ដើម្បីជៀសវាងកុំមានការបិទរោងចក្រមួយចំនួន ដែលធ្វើឲ្យ កម្មករ-កម្មការិនីកម្ពុជា ប្រឺមនឹងបាត់បង់ការធ្វើ ឬផ្អាកការធ្វើជាបណ្តោះអាសន្ន។ សម្តេចតេជោ បានស្នើតាមរយៈ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឲ្យជួយជំរុញដល់រដ្ឋាភិបាលចិន ដើម្បីប្រើយន្តហោះនិងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ មកកម្ពុជា។
ខ្ញុំសង្ឃឹមថា ឯកឧត្តម វ៉ាង វិនធាន នឹងចូលរួចចំណែកដើម្បីជួយ ឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បញ្ជូន តាមនាវាក្តី ហើយខ្ញុំគិតថាមិត្តចិនអាចធ្វើទៅបាន ហើយកម្ពុជាអាចនឹងខិតខំធ្វើទៅបាន ប្រសិនបើសាច់ក្រណាត់ខ្លះគឺត្រូវដឹកតាមកប៉ាល់ហោះ ក៏ត្រូវតែដឹក ដើម្បីសង្គ្រោះ កុំឱ្យបិទរោងចក្រនៅកម្ពុជា ខ្ញុំគិតថាធ្វើបាន ព្រោះកប៉ាល់ហោះចិន ច្រើនណាស់ ដឹកតាមយន្តហោះ បានព្រោះកន្លងមកក៏ធ្លាប់ដឹកតាមយន្តហោះមក ដែរ អញ្ចឹងវាអាចសង្គ្រោះកុំឲ្យកម្មករ កម្មការិនីរបស់យើងជួបប្រទះនូវបញ្ហាខ្វះខាត វត្ថុធាតុដើម ហើយបិទរោងចក្រ អញ្ចឹងអាដឹកតាមកប៉ាល់ក៏ដឹកមក ហើយកន្លែងណាដែលអាចដឹកតាមយន្តហោះបានការដឹកមក ហើយយើងអាចនឹងជួលយន្តហោះពីកម្ពុជា ទៅដឹកវត្ថុធាតុដើមនឹងមក ព្រោះនេះជាការដឹកប្រភេទការហ្គូស អត់មានដឹកភ្ញៀវទេ ដឹកតែសាច់ក្រណាត់ មកតែម្តង ។ ហើយរោងចក្រមួយចំនួនមានសាច់ក្រណាត់ និងមួយចំនួនទៀតមិនមានសាច់ក្រណាត់ អញ្ចឹងត្រូវ ពន្លឿនការដឹកជញ្ជូន ហើយខ្ញុំគិតថា ម្ខាងគឺអាចដឹកជញ្ជូនតាមផ្លូវទឹក និងម្ខាងទៀតអាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមនៅកម្ពុជាសម្រាប់រោងចក្រមួយចំនួន ជៀសវាងនូវការបិទ គឺនឹងធ្វើឲ្យកម្មករ កម្មការិនីរបស់កម្ពុជាបាត់បង់ការងារធ្វើ។
ក្នុងឱកាសនោះដែរ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ នៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា នឹងរិះរកគ្រប់វិធីសាស្រ្ត ផ្គត់ផ្គង់វត្ថុធាតុដើម ដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រឈមលើវិស័យកាត់ដេរ នាពេលបច្ចុប្បន្ន។
កាលពីពេលថ្មីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសថា កម្មករ-កម្មការិនី នឹងទទួលបានប្រាក់៦០ភាគរយ ស្មើនឹងប្រមាណ១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លា ខណៈដែលរោងចក្រមួយចំនួនផ្អាកដំណើរការជាបណ្តោះអាសន្ន៕