សម្តេចតេជោ ថ្លែងថា ចិននៅតែបន្តគម្រោងសាងសង់ផ្លូវនៅកម្ពុជា ទោះបីជាប្រទេសរបស់ខ្លួនកំពុងផ្ទុះវីរុសកូវិដ ១៩ ក៏ដោយ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៦.កុម្ភៈ.២០២០៖

សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិន ដែលនៅតែបន្តគម្រោងសាងសង់ផ្លូវនៅកម្ពុជា ទោះបីជាប្រទេសរបស់ខ្លួនកំពុងផ្ទុះវីរុសកូវិដ ១៩ ក៏ដោយ
ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ប្រវែងជាង ១៧៤ គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោងឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបលើកទី១០នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមកដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចមកដល់កម្ពុជា។
សម្តេច តេជោ បានបន្តថា មកដល់បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហរិញ្ញប្បទាននិងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន២៧ខ្សែមានប្រវែងសរុប ២.៧៧៩គីឡូម៉ែត្រនិងគម្រោងកំពុងសាងសង់មានចំនួន០៥ខ្សែមានប្រវែងប្រមាណ៤៩៧.២០គីឡូម៉ែត្រ ប៉ុន្តែចិនមិនបានលុបចោលគម្រោងណាមួយរបស់ខ្លួនឡើង ទោះបីជាកំពុងជួបការផ្ទុះឡើងនៃវិរុសកូវិដ១៩ ក៏ដោយ។
«បើគ្មានជំនួយពីចិនតើយើងមានផ្លូវជាតិលេខ៥៩តភ្ជាប់ពីផ្លូវបន្ទាយមានជ័យទៅកាន់បាត់ដំបងនិងនៅបៃលិនទេបើគ្មានជំនួយពីចិន។តើយើងមានផ្លូវជាតិលេខ៥៧តភា្ជប់ពីបាត់ដំបងទៅបៃលិននិងផ្លូវជាតិ៥៧Bដែលតភ្ជាប់រវាងផ្លូវថ្មគោលនិងទៅព្រំដែនកម្ពុជាថៃនៅក្នុងខេត្តបាត់ដំបងនោះទេនេះគ្រាន់តែបញ្ជាក់មនុស្សមួយចំនួនគិតអគតិចំពោះចិន។ឆ្នាំនេះគឺជាខួបលើកទី១០នៃដៃគូរទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន
នៅថ្ងៃទី ៩ ខែមិនាខាងមុខនេះខ្ញុំករុណានឹងទៅធ្វើការសម្ភោធផ្លូវដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ ៥៥ពីផ្លូវ វាលវែងនៅខេត្តពោធិ៍សាត់មកដល់ថ្មដាព្រំដែនកម្ពុជា-ថៃនឹងបើកសម្ភោធការដ្ឋានដើម្បីស្ថាបនាផ្លូវជាតិលេខ ១០គឺជា ផ្លូវ ប្រភេទថ្មីដែលតភ្ជាប់ពីសំឡូតទៅខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុងតែម្ដងក្រោម ឥណទានសាធារណរដ្ឋចិនបើទោះបីជាចិនមានបញ្ហា ក៏ប៉ុន្តែចិនមិនបានលុបចោលនៅគម្រោងផ្លូវមួយខ្សែប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុងនៅមានគម្រោងដ៏ទៃទៀតចិននៅតែបន្តការផ្តល់ហិរញ្ញប្បទានក៏ដូចជាជំនួយឥតសំណងពីកម្ពុជា»៕