មនុស្សស្លាប់ដោយ COVID19 នៅចិនថយចុះត្រឹម៥២នាក់ក្នុងរយៈពេល៣សប្តាហ៍នេះ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


គណៈកម្មការសុខាភិបាលចិនព្រឹកថ្ងៃពុធនេះបានរាយការណ៍ថា នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារ អ្នកជំងឺសរុប ៥២នាក់ បានបាត់បង់ជីវិតដែលជាតួលេខទាបបំផុតក្នុងរយៈពេលជាង ៣ សប្តាហ៍មកនេះ ខណៈមនុស្ស៤០៦នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគ COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងទៀតថា មនុស្សស្លាប់ដោយ COVID19 ទាំង ៥២នាក់ខាងលើស្ថិតនៅក្នុងខេត្ត Hubei ខណៈអ្នកឆ្លងថ្មីចំនួន ៤០៦ ករណីត្រូវបានរាយការណ៍ពីបណ្តាខេត្ត និងតំបន់ចំនួនទូទាំងប្រទេសចិន។ដូច្នេះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ២,៧១៥នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,០៦៤ករណី។
សូមបញ្ជក់ថា លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក បានលើកឡើងថា ការបន្តធ្លាក់ចុះនៃចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនគឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការអន្តរជាតិមួយនេះក៏បានព្រមានថា ការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនយ៉ាងគំហុក៕
ប្រភព៖សារព័ត៌មាន Channel News Asia