ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទេសចរចិនបានធ្លាក់ចុះប្រមាណ៩០ភាគរយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ០២ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទេសចរចិនបានធ្លាក់ចុះប្រមាណ៩០ភាគរយ ខណៈដែលជំងឺ COVID-19 កើតមានឡើងនៅប្រទេសចិន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅពេលដែលជំងឺ COVID-19 កើតមានឡើងនៅប្រទេសចិន បានធ្វើឲ្យទេសចរចិនបានធ្លាក់ចុះទៅដល់ ៩០ភាគរយ នៅកម្ពុជា ដែលកត្តានេះបានធ្វើឲ្យប៉ះពាល់ខ្លាំង ដល់អ្នកវិនិយោគលើវិស័យទេសចរណ៍ ។
ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ប្រវែងជាង ១៧៤ គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោងឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារប្រទេសចិនបានកើតមានជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ទូទាំងពិភពលោករាប់ទាំងកម្ពុជាផងដែរ ។
សម្តេចតេជោ បានអះអាងថា ប្រទេសកម្ពុជាមិនបានបិទជើងហោះហើរពីចិនមកកម្ពុជាឡើយ ព្រោះកម្ពុជាពុំមានការរើសអើងជនជាតិចិននោះទេ ហើយកម្ពុជាស្វាគមន៍រាល់ទេសចរគ្រប់ជាតិសាសន៍ដែលចង់មកកំសាន្តនៅកម្ពុជា ។ សម្តេចតេជោ សង្ឃឹមជឿរជាក់ថា ក្រោយពីប្រទេសចិនបានដោះស្រាយបញ្ហាជំងឺCOVID-19រួចរាល់ ភ្ញៀវទេសចរចិននិងមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ។
«ហើយមួយទៀតរង្គើទេសចរលើពិភពលោកតែម្តង ព្រោះទេសចរណ៍ចិនក្នុងមួយឆ្នាំជាង១០០លាននាក់ ធ្វើដំណើរទៅទស្សនះកិច្ចនៅប្រទេសក្រៅ អញ្ចឹងគិតមើលសណ្ឋាគារ ភោជនីដ្ឋាន ដែលធ្លាប់ទទួលទេសចរចិន និងត្រូវជួបប្រឈមនិងការខ្វះភ្ញៀវ ។ សូម្បីតែយើង យើងអត់មានបិទទេសចរចិនទេក៏ប៉ុន្តែ ចិនគាត់មានការប្រុងប្រយ័ត្ន ក្នុងពេលដែលចេញដំណើរ ដូច្នេះគ្រាន់តែវិស័យទេសចរណ៍របស់យើង សម្រាប់ទេសចរចិនធ្លាក់ដល់៩០ភាគរយ ។ ហើយសង្ឃឹមថា មិត្តចិននិងកើនឡើងវិញនៅទេសចរចិននៅពេលក្រោយព្រោះ ចិនត្រូវបានរើសអើមនៅប្រទេសដ៏ទៃ ប៉ុន្តែមិនត្រូវបានរើសអើមនៅកម្ពុជាទេ ដូច្នេះបន្ទាប់ពីសេដ្ឋកិច្ចចិន និងស្ថេរភាពនៃជំងឺកូរ៉ូណានេះរួចហើយ ទេសចរចិននិងតម្រង់មកកម្ពុជា នេះជាចំណុចដែលត្រូវឃើញពីចំណងទាក់ទងនេះ»៕