កូរ៉េខាងត្បូងរកឃើញចំនួនអ្នកឆ្លង (COVID-19) ១៦៩នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អាជ្ញាធរសុខាភិបាលប្រទេសកូរ៉េខាងត្បូងបានអះអាងថា នៅព្រឹកថ្ងៃនេះ ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ១,១៤៦ករណីហើយបន្ទាប់ពីការធ្វើតេស្តរកឃើញមនុស្សចំនួន ១៦៩នាក់ បន្ថែមទៀតផ្ទុកវីរុស COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ចំពោះករណីស្លាប់ដោយវីរុស COVID-19 នៅទូទាំងប្រទេសនៅត្រឹម ១១នាក់នៅឡើយ ប៉ុន្តែអត្រាឆ្លងថ្មីមានតួលេខកើនឡើងយ៉ាងគំហុកនៅថ្ងៃពុធនេះ ដោយ៩០%នៃអ្នកឆ្លងថ្មីស្ថិតនៅក្នុងក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេស ខណៈការប្រកាសអាសន្ននៅក្នុងកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត។
សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងធ្វើតេស្តិ៍សមាជិកក្រុមជំនុំជាង ២ សែននាក់របស់ព្រះវិហារគ្រិស្តសាសនាស៊ីនឈុនជី ក្រោយពីទទួលបានឈ្មោះសមាជិកទាំងអស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ៕
ប្រភព៖សារព័ត៌មាន Channel News Asia