ការប្រមូលពន្ធនៅតំបន់ច្រកទ្វាអន្តរជាតិដូង មានការកើនឡើងខ្ពស់

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ២៦.០២.២០៖

ការប្រមូលពន្ធនៅតំបន់ច្រកទ្វាអន្តរជាតិដូង មានការកើនឡើងខ្ពស់ដែលធានាបាននូវគុណភាពប្រាក់ចំណូលចូលរដ្ឋនិងជួយនូវបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
លោក ជ័យជុនតារា អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិដូងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមកការប្រមូលចំណូលពន្ធនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិដូងបានជាង ៨៧ពាន់លានរៀល លើស ១០០ភាគរយនៃផែនការកំណត់ហើយចំណូលទាំងអស់នោះទទួលបានតាមរយៈការនាំរថយន្តចូល លំហូរនៃចរន្តទំនិញផ្សេងៗដូចជា ទំនិញកសិកម្ម សម្លៀកបំពាក់ គ្រឿងយន្តកសិកម្ម សុទ្ធសឹងតែជាចំណូលមួយដ៏សំខាន់ សម្រាប់ជួយកំណើនសេដ្ឋកិច្ចជាតិ។
លោកបន្តថា ដើម្បីចូលរួមក្នុងការប្រមូលចំណូលពន្ធចូលថវិកាជាតិ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិដូង បានរឹតបន្តឹង ការប្រមូលចំណូលពន្ធ មិនឲ្យបាត់បង់នោះឡើយពិសេសរឹតបន្តឹងចំពោះក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញនានា ដែលកំពុងគេចវេស មិនព្រមបង់ពន្ធជូនរដ្ឋ ការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិដូង បានសហការរួចជាស្រេចជាមួយសមត្ថកិច្ចពាក់ព័ន្ធនានាក្នុងការទប់ស្កាត់បទល្មើសគេចពន្ធឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងការជឿជាក់ ដើម្បីប្រមូលពន្ធជូនរដ្ឋបានគ្រប់ចំនួននិងមានការកើនឡើងបន្ថែមទៀត ។
សំឡេង: ក្នុងឆ្នាំ២០១៩យើងមានការនាំចូលរថយន្តសរុបក្នុងមួយឆ្នាំបាន១៣៩ គ្រឿងដែលបានផ្ដល់ចំណូលពន្ធនិងអាករប្រមាណ ២២ពាន់លានរៀលដែលជាតួរលេខមូលមានកំណើនប្រមាណ ៧,៨០ភាគរយបើធៀបឆ្នាំ ២០១៨ហើយទំនិញចរន្តក្រៅពីរថយន្តមានការកើនឡើងជាងឆ្នាំ ២០១៨ដែរប្រមាណបានជា ៦៣ពាន់លានរៀលថ្មើរហ្នឹង ១២,៤៩ ភាគរយហើយការិយាល័យនឹងខិតខំពង្រឹងនូវសមត្ថភាពចំណេះដឹងរបស់មន្ត្រីដោយទប់ស្កាត់មិនឱ្យមានការហូរចូលទំនិញគេចពន្ធទាំងអស់នេះក្នុងការិយាល័យនោះទេព្រោះនេះជារឿងមួយធ្វើឱ្យយើងបាត់បង់ចំណូលល្អអញ្ចឹងមានតែការទប់ស្កាត់នេះហើយដែលអាចប្រមូលជូនរដ្ឋគ្រប់និងលើកផែនការក្នុងឆ្នាំ ២០២០នេះ ។
គួរបញ្ជាក់ថាការប្រមូលពន្ធនៅតំបន់ច្រកទ្វារអន្តរជាតិដូងនៃខេត្តបាត់ដំបងបានធ្វើតាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពិសេសលើស៣០ភាគរយនៃការព្រាងទុករបស់រាជរដ្ឋាភិបាល ៕