អនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ប្រកាសថាលោកពិតជាបានឆ្លងមេរោគ COVID-19

វិទ្យុជាតិកម្ពុជា៖

លោក អ៊ីរ៉ាច ហារីឈី (Iraj Harirchi) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់បានបញ្ជាក់ ថាលោក ពិតជាបានឆ្លងមេរោគ COVID-19 ពិតប្រាកដមែន ក្រោយពីបានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស ថ្មី នេះចំពេលមានការផ្ទុះឡើងនៃការឆ្លងរីករាលដាលនៅក្នុងប្រទេសសាធារណរដ្ឋអ៊ីស្លាម មួយ នេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។ អនុរដ្ឋមន្រ្តីសុខាភិបាលរូបនេះបានបង្ហាញទឹកមុខយ៉ាងរឹងម៉ាំ នៅពេលដែលគាត់ប្រកាសថា រូបលោក ផ្ទាល់បានឆ្លងជំងឺ COVID-19 ក្រោយពីមានរោគសញ្ញាគ្រុនក្តៅ បន្ទាប់មករកឃើញថាមានផ្ទុកវីរុសនេះ។មិនតែប៉ុណ្ណោះ លោក អ៊ីរ៉ាច ហារីឈី ក៏បានប្រាប់ទៅពលរដ្ឋអ៊ីរ៉ង់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុស COVID-19 នេះ ព្រោះថាវាអាចឆ្លងបានយ៉ាងងាយពីមនុស្សទៅមនុស្ស ដោយមិនមានការរើសអើងនោះឡើយ។
បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ ពេលនេះលោកអនុរដ្ឋមន្ត្រីកំពុងតែស្ថិតនៅក្នុងការព្យាបាលដាច់ដោយឡែកសម្រាប់អ្នកជំងឺ COVID-19 ខណៈ ប្រទេសអ៊ីរ៉ង់ក្លាយជាប្រទេសឈរលំដាប់ថ្នាក់លេខ ២ ដែលមានអ្នកស្លាប់ច្រើនបំផុតរហួតដល់១៦នាក់ដោយ សារ COVID-19 បន្ទាប់ពីប្រទេសចិន៕
ប្រភព៖សារព័ត៌មាន Channel News Asia