សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ ប្រវែងជាង១៧៤ គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដល់ក្រុងសំរោងឧត្ដរមានជ័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជានិងថៃ ប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ ។

ផ្លូវជាតិលេខ៥៨ដ៏មានសារៈសំខាន់នេះ ជាផ្លូវមួយខ្សែលើដែនដីអតីតសមប្រយុទ្ធក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា ដោយបានចំណាយពេលសាងសង់ជិត៤ឆ្នាំ និង ចំណាយប្រើប្រាស់ថវិកាជិត១២៣លានដុល្លារអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ថា ផ្លូវជាតិលេខ៥៨ មានប្រវែងសរុបជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះផ្លូវមេមានប្រវែងជាង១៦៥គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែងជាង៧៣គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន០៤ខ្សែ មានប្រវែងសរុបេជិត៩ គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨  ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋាន បច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់(DBST) ទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន៤៧កន្លែង ប្រវែងសរុប១,៥៧៤ម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បន្តថា ផ្លូវមួយខ្សែនេះចំណាយថវិកាសរុបជិត ១២៣លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ 

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.)និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនាឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។ 

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ជាពិសេសតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨នេះ គឺជាអតីតសមរភូមិសង្គ្រាមរវាងខ្មែរ និងខ្មែរ ដ៏ស្រួចស្រាវបំផុតមុនឆ្នាំ១៩៩៨។ ផ្លូវជាតិលេខ៥៨ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាមួយកើតចេញពីផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានបញ្ចប់ទាំងស្រុងនូវសង្រ្គាមដ៏រ៉ាំរ៉ៃរវាងខ្មែរនិងខ្មែរ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចពាសពេញផ្ទៃប្រទេស។ ឯកឧត្តម បានលើកឡើងថា ផ្លូវជាតិលេខ៥៨ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តសម្រាប់ការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ ស្ថិតនៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយតភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា តាមរយៈខ្សែផ្លូវនេះ ការធ្វើដំណើរនិងការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្មរបស់ប្រជាពលរដ្ឋនិងក្រុមហ៊ុនធុរកិច្ច ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃនៅប៉ោយប៉ែត អូរស្មាច់ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយពេលតិច ដែលនឹង រួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក៕