មនុស្សសរុប ៦០នាក់បន្ថែមទៀតឆ្លងមេរោគ COVID-19នៅកូរ៉េខាងត្បូង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ក្រុមជំនាញសុខាភិបាលកូរ៉េខាងត្បូងបានធ្វើតេស្តរកឃើញមនុស្សសរុប ៦០នាក់បន្ថែមទៀតមានផ្ទុកមេរោគ COVID-19 នៅព្រឹកថ្ងៃអង្គារនេះនាំឲ្យចំនួនអ្នកឆ្លងជំងឺនេះសរុបទូទាំងប្រទេសកើនឡើងដល់ ៨៩៣ករណី ខណៈមានអ្នកស្លាប់៨នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង (KCDC)បានឲ្យដឹងទៀតថា ការឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសម្រាប់ករណីឆ្លងថ្មីៗភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងក្រុង ឆុងទូ (Cheongdo) និងព្រះវិហារគ្រិស្តសាសនាមួយមានឈ្មោះថា ស៊ីនឈុនជី (Shincheonji) ស្ថិតក្នុងក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងធ្វើតេស្តិ៍សមាជិកក្រុមជំនុំជាង ២ សែននាក់របស់ព្រះវិហារគ្រិស្តសាសនាស៊ីនឈុនជី ក្រោយពីទទួលបានឈ្មោះសមាជិកទាំងអស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ៕
សារព័ត៌មាន Channel News Asia