វៀតណាមដឹកនាំកិច្ចប្រជុំ SOM សម្រាប់សហគមន៍សង្គម – វប្បធម៌អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម (MoLISA) ដែលមានតួនាទីជាប្រធាន​សហគមន៍សង្គម – វប្បធម៌អាស៊ានឆ្នាំ ២០២០ កំពុងធ្វើជាប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់សហគមន៍សង្គម – វប្បធម៌អាស៊ាន (SOCA) នៅខេត្ត Lam Dong ខ្ពង់រាបកណ្តាលចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២០។

កិច្ចប្រជុំនេះមានគោលបំណងធ្វើការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តសសរស្តម្ភរបស់សហគមន៍សង្គម – វប្បធម៌ អាស៊ាន និងកម្មវិធី SOCA Retreat ដោយទាក់ទាញមន្ត្រីជាន់ខ្ពស់ និងកម្មាភិបាលជិត ៦០នាក់ទទួលបន្ទុកសហគមន៍សង្គម – វប្បធម អាស៊ានពី ១០ប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងបណ្តាក្រសួងនានារបស់វៀតណាមផងដែរ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ អគ្គលេខាធិការរងអាស៊ាន លោក  Kung Phoak បាននិយាយថា ចាប់តាំងពីការបង្កើតក្រុមការងារ​នេះមក ការបោះជំហានទៅមុខមានលក្ខណៈស្ថិរភាពដែលត្រូវបានធ្វើឡើងនៅក្នុងសមាហរណកម្មតំបន់ កំណើនសេដ្ឋកិច្ច វិបុលភាពរួម និងវឌ្ឍនភាពសង្គម។ ទន្ទឹមនឹងនេះដែរ កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានក៏រក្សាបាននូវលទ្ធផលជាផ្លែផ្កាផងដែរ។

អ្នកចូលរួមកិច្ចប្រជុំនោះបានពិភាក្សាគ្នាអំពីសន្ទស្សន៍ និងផែនទីបង្ហាញផ្លូវសម្រាប់របាយការណ៍ពាក់កណ្តាលអាណត្តិ ស្តីពីសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដូច្នេះត្រូវធ្វើការពិនិត្យឡើងវិញទាំងថ្នាក់ជាតិ និងថ្នាក់តំបន់សម្រាប់ឆ្នាំ ២០២០ ដើម្បីចាក់គ្រឹះសម្រាប់ការអនុវត្តសសរស្តម្ភនេះសម្រាប់រយៈពេលឆ្នាំ ២០២១-២០២៥ ។

ប្រធានគណៈប្រតិភូ SOCA វៀតណាម និងជាអនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួង MoLISA លោកស្រី Ha Thi Minh Duc បាននិយាយថា នៅក្នុងឆ្នាំ ២០២០ នេះ ជាឆ្នាំទី ២៥ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេស​វៀតណាម។

លោកស្រីបាននិយាយថា ដោយផ្តោតទៅលើប្រធានបទ «ភាពស្អិតរមួត និងការទទួលខុសត្រូវ» ដែលត្រូវបានជ្រើសរើសដោយ​ប្រទេសវៀតណាមសម្រាប់ឆ្នាំអាស៊ាន ២០២០ អាស៊ាន និងសហគមន៍សង្គម-វប្បធម៌ នឹងបន្តធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់​ប្រជាជន និងកសាងអនាគតដ៏ប្រសើរសម្រាប់ដៃគូ។

លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវរាយការណ៍ទៅកិច្ចប្រជុំ SOCA លើកទី ២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម – វប្បធម៌អាស៊ានលើកទី ២៣ ដែលគ្រោងធ្វើនៅថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ នៅទីក្រុងដាណាងភាគកណ្តាល មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)