នាយករដ្ឋមន្រ្តីវៀតណាមសង្កត់ធ្ងន់នូវភាពចាំបាច់ក្នុងការ ការពារសុខភាព និងជីវិតប្រជាជន ស្របពេលដែលមានជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាឱ្យអាជ្ញាធរខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុស SARS-Cov-2 (COVID-19) ពីការប៉ះពាល់ដល់ប្រទេសវៀតណាម។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅទីក្រុងហាណូយ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់បន្ថែមទៀតថា ការបន្តការពារសុខភាព និងជីវិតរបស់ប្រជាជន គឺជាការងារដែលត្រូវធ្វើដល់ទីបញ្ចប់ ហើយក៏ជាការយកចិត្តទុកដាក់បំផុតនៃការងាររបស់រដ្ឋាភិបាលនៅក្នុង​បរិបទបច្ចុប្បន្ននេះដែរ។

លោកបានលើកឡើងថា ការដោះស្រាយនិងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បានផ្តល់ផ្លែផ្កាដំបូងដែលទទួលបានការជឿទុកចិត្តពីប្រជាជន និងសហគមន៍អន្តរជាតិ ដោយចាត់ទុកជំងឺនេះជាការសាកល្បងដ៏ធំមួយ មិនត្រឹមតែវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងអាជ្ញាធរ និងមូលដ្ឋានដទៃទៀតផង។ ។

ក្រៅពីនេះ មេដឹកនាំរូបនេះក៏បានចង្អុលបង្ហាញអំពីចំណុចខ្វះខាតមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនេះ ដូចជាឥរិយាបថ និងសមត្ថភាពទាបរបស់ក្រុមការងារនៅតាមតំបន់មួយចំនួន។ លោកបានឯកភាពចេញនូវសេចក្តីណែនាំមួយទៀត ស្តីពីការពង្រឹងការ​ប្រយុទ្ធប្រឆាំងនេះ នឹងបានសង្កត់ធ្ងន់ថា ផលិតកម្ម និងអាជីវកម្មត្រូវតែជំរុញដើម្បីធានាស្ថិរភាពសង្គម។

ចំពោះការបន្តការចូលរៀនរបស់សិស្សនិស្សិតវិញ នាយករដ្ឋមន្រ្តី Phuc បាននិយាយថា ការសម្រេចចិត្តត្រូវតែធ្វើឡើងដោយ​ឈរលើមូលដ្ឋាននៃការអភិវឌ្ឍជាក់ស្តែងនៃការរាតត្បាតនៅលើពិភពលោកនៅក្នុងការប្រជុំជាបន្តបន្ទាប់នៃគណៈរដ្ឋមន្រ្តីដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)