ជប៉ុនផ្តល់ថវិកាជាង៨៩ម៉ឺនដុល្លារសម្រាប់អនុវត្តគម្រោងកសិកម្ម និងសង្គមកិច្ចនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ២៥ ០២ ២០២០៖

រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាជាង៨៩០.៤៧១ដុល្លារ អាមេរិក សម្រាប់អនុវត្តគម្រោងកសិកម្ម និងសង្គមកិច្ចនៅកម្ពុជា ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ថវិកាក្រោមគ្រោងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលចុះហត្ថលេខានាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ-ភូមិធម្មជាតិសម្តេចតេជោ ក្នុងទឹកប្រាក់ចំនួន៨៥.០១៩ដុល្លារ ខណៈគម្រោងរួមបញ្ចូលគ្នាសម្រាប់លើកកម្ពស់សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារដូចគ្នាចំនួន៤៥២.៤២៧ដុល្លារ និងគម្រោងសម្រាប់ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ក្នុងទឹកប្រាក់ចំនួន៣៥៣.០២៥ដុល្លារ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា គម្រោងទាំងនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជា ពិសេសស្ត្រី និងកុមារមានសុខភាព និងជីវភាពកាន់តែប្រសើរ។ ឯកឧត្តម មានប្រសាសន៍ថា ហិរញ្ញប្បទានឥតសំណងនេះ មានសារៈ ប្រយោជន៍សម្រាប់ការរួមចំណែកអភិវឌ្ឍន៍អនាគតរបស់ប្រទេសកម្ពុជា ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ។
បើតាមការបញ្ជាក់របស់លោក ម៉ូរីតា ណូរីតាដា ប្រធានក្រុមប្រឹក្សាភិបាលក្រុមមិត្តភាពព្រះវិហារ-ជប៉ុន បានឲ្យដឹងថា ការសាងសង់អាងស្តុកទឹក និងបរិក្ខារចែកចាយទឹកនៅក្នុងភូមិអេកូខេត្តព្រះវិហារ នឹងផ្តល់អត្ថប្រយោជន៍ឲ្យកសិករអាចបង្កើនផលិតកម្មកសិកម្មនារដូវប្រាំងបានយ៉ាងប្រសើរឡើង។
ដូចគ្នានេះ លោក តាគូយ៉ា ម៉ាត់ស៊ូកា តំណាងអង្គការទស្សនៈពិភពលោកជប៉ុន បានឲ្យដឹងថា គម្រោងរួមបញ្ចូលគ្នាសម្រាប់លើកកម្ពស់សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំសុខភាពដល់បុគ្គលិកសុខាភិបាល និងសហគមន៍មូលដ្ឋាន ដើម្បីកែលម្អស្ថានភាពសុខភាពមាតា និងទារកឲ្យផ្លាស់ប្តូរទម្លាប់នៃការបរិភោគអាហារប្រកបដោយអាហារូបត្ថម្ភនៅក្នុងស្រុកចំនួន៤រួមមាន៖ ស្រុកជ័យសែន ស្រុកឆែប ស្រុកគូលែន និងស្រុកត្បែងមានជ័យ។
ដោយឡែក សម្រាប់គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន នឹងគាំទ្រឲ្យយុវជនដែលបោះបង់ការសិក្សា និងយុវជនដែលមិនមានការងារជាប់លាប់ ទទួលបានជំនាញវិជ្ជាជីវៈពិតប្រាកដ សម្រាប់អនាគតដ៏ប្រសើរ។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់ផ្តើមនៅកម្ពុជា ចាប់ពីឆ្នាំ២០០២ ដើម្បីជួយដល់ការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន ដោយមកដល់បច្ចុប្បន្នជំនួយនេះ មានទឹកប្រាក់ជាង៣៩លានដុល្លារ លើគម្រោងចំនួន១២៥ ដែលមានដូចជា៖ ការលើកកម្ពស់វិស័យអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន ជាដើម៕