អាជ្ញាធរខេត្តត្បូងឃ្មុំ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 25.02.2020


អាជ្ញាធរខេត្តត្បូងឃ្មុំ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មរយៈពេល៥ថ្ងៃ ក្នុងគោលបំណងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងដើម្បីជំរុញការផ្សព្វផ្សាយ បង្ហាញនូវទំនិញ សេវាកម្មផ្សេងៗ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំបានបញ្ជាក់ថា មន្ទីរពាណិជ្ជកម្មខេត្តបានសហការជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះឡើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅបរិវេនតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ។
ប្រភពបានបន្តថា សំរាប់ផលិតករ ពាណិជ្ជករ និងសេវាករ ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផល សូមមកដាក់ពាក្យនៅមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយសារចំនួនស្តង់មានកំណត់ ៕