ប្រជាពលរដ្ឋស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង សម្ដែងការសប្បាយរីករាយដោយមាន ទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

ប្រជាពលរដ្ឋស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង បានសម្ដែងការសប្បាយរីករាយដោយមាន ទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ក្នុងគ្រួសារ ដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ពួកគេ និងកាត់បន្ថយភាពក្រីក្រផងដែរ។
អ្នកស្រី សាន់ អៀម ប្រពលរដ្ឋរស់នៅក្នុងភូមិបុណ្យ ឃុំត្នោត ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង បានបញ្ហាអារម្មណ៍សប្បាយរីករាយ ចាប់តាំងពីផ្ទះអ្នកស្រីមានបង្គន់អនាម័យ និងសេវាទឹកស្អាតប្រើប្រាស់មក បានជួយកាត់បន្ថយការចំណាយពេល ងាយស្រួលសម្រាប់ស្ត្រី មនុស្សចាស់ និងក្មេងៗដែលនៅផ្ទះ មិនព្រួយបារម្ភដូចកាលពីពេលមុនទៀតទេ ពោលគឺដោយគ្រាន់តែបើកក្បាលរ៉ូបីណេក៏មានទឹកប្រើប្រាស់ មិនចាញ់អ្នកទីក្រុងប៉ុន្មានឡើយ។
អ្នកស្រីអះអាងថា បច្ចុប្បន្ននៅក្នុងភូមិអ្នកស្រីគ្រប់ផ្ទះទំាងអស់សុទ្ធតែមានបង្គន់ និងសេវាទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ពោលគឺចាប់តាំងពីមានសេវាទឹកស្អាតបានដំណើរការដាក់ឱ្យប្រើប្រាស់ជាងមួយខែមកនេះ ដែលជាជំនួយរបស់អង្កការដៃគួអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើឡើងនូវសុខភាពជាមូលដ្ឋាន ជាពិសេសនៅតំនៅបន់ដាច់ស្រយ៉ាល។
លោក ណុះ ប្រុស បានឱ្យដឹងដែរថា បន្ទាប់មានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់នេះមក គ្រួសាររបស់លោកមិនសូវឈឺនូវជំងឺដង្កាត់ផ្សេងៗដូចជារាគរូស និងជំងឺផ្សេងៗ ដូចពេលមុនទៀតឡើយ ព្រោះបានបរិភោគទឹកស្អាតមានអនាម័យ។
លោកបន្ដថា កាលពីមុនគ្រួសាររបស់លោកក៏ធ្លាប់បត់ជើងពាសវាលពាសកាល និងប្រើប្រាស់ទឹកស្នប់ ឬទឹកអណ្តូង ដែលទឹកទាំងនេះមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ប៉ុន្មានឡើយ បង្ក ឲ្យមានការឈឺថ្កាត់ជាប់ជាប្រចំា។
លោកបានចាត់ទុកការមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់ប្រៀបដូចមានពេទ្យនៅក្នុងគ្រួសារដូចច្នោះដែរ។
លោក ពៅ ស៊ុយ អាជ្ញាធរ ឃុំត្នោត ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកចំនួន ៩៥ភាគរយ មានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ ដោយសារការចុះអប់រំ និងជួយឧបត្ថមមួយចំនួនរបស់អង្គការដៃគូអភិវឌ្ឍន៍ សាខាកាកបាតក្រហមខេត្ត និងមន្ទីរអភិវឌ្ឍន៍ខេត្ត ពាក់ព័ន្ឋនឹងសុខភាពអនាម័យជនបទ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាព និងសុខភាពល្អជាងមុន។
លោក ស្រ៊ិន ពុទ្ឋី ប្រធានក្រុមការងារ WATSAN និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានឱ្យដឹងថា មកដល់ពេលនេះមានប្រជាពលរដ្ឋចំនួន ៩៥ភាគរយហើយមានប្រើប្រាស់បង្គន់អនាម័យ និងប្រើប្រាស់ទឹកស្អាត ដែលឈានជិតដល់ទស្សនៈវិស័យក្នុងឆ្នាំ២០២៥ ដែលប្រជាពលរដ្ឋទូទាំងប្រទេសកកម្ពុជាទាំងអស់ ត្រូវតែមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់។
សូមបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានអនុវត្តចូលដល់ជំហានទី៣ហើយ។ ជាមួយនឹងភាពជោគជ័យក្នុងការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទទី២ ក្រោមហិរញ្ញប្បទានឥតសំណង។ បច្ចុប្បន្ននេះគម្រោងបានទទួលថវិកាបន្ថែម សម្រាប់អនុវត្តគម្រោងបន្ថែមទៀត ដែលមានថវិកាបន្ថែម ១៥លានដុល្លា ជាកម្ចីរបស់មូលនិធិអភិវឌ្ឍន៍អាស៊ីADB និង ១លាន៥សែនដុល្លាទៀតជាហិរញ្ញប្បទានឥតសំណងដែលបានមកពី Water Financing Partnership Facility (WFPF) ២លានដុល្លារបានមកពី Technical Assistance Japan Fund for Poverty Reduction (IFPR) និង ថវិកាបដិភាគរាជរដ្ឋាភិបាល២លានដុល្លារផងដែរ៕