សម្តេចតេជោហ៊ុនសែន អញ្ជើញប្រគល់សញ្ញា បត្រជូនសិស្សមន្រ្តីជាន់ខ្ពស់ មន្ត្រីក្រមការកម្មសិក្សាការីឆ្នាំ២០១៨ និងបើកវគ្គបណ្ដុះ បណ្ដាលឆ្នាំ២០២០ របស់សាលា ភូមិន្ទរដ្ឋបាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលចំនួន៥៧៥នាក់ នារី ១០៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញា បនបត្រដល់សិស្សសាលាភូមិន្ទ នៅពេលពួកគេបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវដំបូន្មាន និងអនុ សាសន៍ផ្សេងៗជូនដល់សិស្ស ដែលជាមន្ត្រីរាជ ការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ។
សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅពេលនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០, សិស្សមន្ត្រីក្រមការជំនាន់ទី៨ និងកម្ម សិក្សាការី ឆ្នាំ២០១៨។
ក្រៅពីការប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រដល់សិស្សបញ្ចប់ការសិក្សានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសបើកវគ្គបណ្តុះ បណ្តាលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់, មន្ត្រីគ្រប់ គ្រងរដ្ឋបាល, មន្ត្រីមធ្យម និងមន្ត្រីក្រមការសរុបចំនួន ៤៦១ នាក់ ក្នុងនោះ នារី ៩២នាក់។
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានពង្រឹង និងពង្រីកជាប្រចាំលើប្រសិទ្ធភាពនិងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលតាមរយៈការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើការងារដឹកនាំ, ការងារគ្រប់គ្រង, ការងារបណ្តុះ បណ្តាល និងការជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ សាលាបានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់, សិស្សមន្ត្រីមធ្យម, សិស្សមន្ត្រីក្រមការ, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់, កម្មសិក្សាការីមន្រ្តីមធ្យម និងសិក្ខាកាមសរុបចំនួនជាង ១៣,០០០ នាក់ នារី ២,៨៣០នាក់។
បច្ចុប្បន្នសាលាកំពុងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម មន្ត្រីក្រមការចំនួន ៤៦១នាក់ នារី ៩២នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រោយពីសាលាភូមិន្ទរដ្ឋបាល ត្រូវបានផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈកាលពីខែតុលា ឆ្នាំ២០១៣ សាលាបានធ្វើការកែទម្រង់ការគ្រប់ គ្រង និងដំណើរការការងាររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងបន្តជំរុញដល់ការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យសាធារណៈ៕