ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់នឹងរួចរាល់នៅខែមីនាខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
MC ៖ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីដែលនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ នឹងរួចរាល់នៅខែមីនាខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍និងកាត់បន្ថយការកកស្ទះបានយ៉ាងច្រើនផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេងនេះបានធ្វើឡើងដោយសារតែបច្ចុប្បន្ននេះរាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមបានកើតឡើងជារៀងរាល់ថ្ងៃ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះ។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ក្រុមការងារបាននិងកំពុងធ្វើការងារយ៉ាងសកម្មភាព ដោយអ៊ុតកៅស៊ូលើស្ពាន គំនូសចរាចរណ៍ដែលភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថី ព្រះនរោត្តម ដែលស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ ម៉ែត្រ សរុប២០០ម៉ែត្រ ដែលស្ពាននេះមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។
គួរបញ្ជាក់ថា មកដល់ពេលនេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងគឺ ៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុងដំណើរការដ្ឋានស្ថាបនាយ៉ាងសកម្ម ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ៕