រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជំរុញដល់ក្រុមការងារពិសេស បន្តធ្វើទំនាក់ទំនង អោយបានជាប់ ជាមួយនិស្សិតខ្មែរ ដែលកំពុងសិក្សានៅទីក្រុងវូហាន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញ ដល់ក្រុមការងារពិសេស របស់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើទំនាក់ទំនង អោយបានជាប់ជាប្រចាំជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅ សិក្សានៅទីក្រុង វូហាន ប្រទេសចិន ដើម្បីលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នា ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញ ដល់ក្រុមការងារពិសេស របស់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើទំនាក់ទំនង អោយបាន ជាប់ជាប្រចាំជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅ សិក្សានៅទីក្រុង វូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះនូវជំងឺ កូវីដ ១៩ ដើម្បីកុំអោយពួកគាត់ មានអារម្មណ៏ឯកការ។ យើងអាចធ្វើបាន តាមរយៈ ការទូរសព្ទ័ទាក់ទង ឲ្យបានជួបដោយផ្ទាល់ រវាងក្រុមគ្រួសារ រួមទាំងមិត្តភក្រ័ បងប្អូន របស់ពួកគាត់ ហើយផ្សាយនៅទូរទស្សន៏ជាតិកម្ពុជា អោយបានដឹងពីសុខទុក្ខ និងការរស់នៅរបស់និស្សិតទាំងអស់នោះ។

តាមរយៈកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកទាំងអស់ របស់ក្រសួងព័ត៌មាន ដែលបានអនុវត្តន៏ ការងារនានាកន្លងទៅប្រកបដោយផ្លែផ្កា។

សូមរំលឹកដែរថា កាលពីកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរ ក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមក្មួយនិងនិស្សិតខ្មែរសិក្សានៅប្រទេសចិន ថែរក្សាសុខភាពអោយបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ» ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ទំាងនៅក្នុង និងក្រៅប្រទេស របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕