ក្រសួងការបរទេសបដិសេធចំពោះ ព័ត៌មានដែលចោទថា កម្ពុជាអនុញ្ញាតឱ្យអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam

វិទ្យុ ជាតិ កម្ពុជា ៖ លោក អាត ចន្ធូ
MC៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងលក្ខខណ្ឌដ៏ច្បាស់លាស់បំផុត សូមបដិសេធការអះអាងធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នបរទេសមួយចំនួន ដែលនាំឱ្យសាធារណជនជឿថា ប្រទេសកម្ពុជាប្រហែលបានអនុញ្ញាតឱ្យអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណា ចាកចេញ ពីកប៉ាល់ទេសចរណ៍ Westerdam។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាន្យដឹងថា​កម្ពុជាប្រកាន់​​យ៉ាងខ្ជាប់ខ្ជួនជាមួយបទបញ្ញត្តិសុខភាពអន្តរជាតិ និងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរសុខភាពដែលទទួលស្គាល់ដោយពិភពលោក រួមមាន អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវជម្ងឺឆ្លងរបស់អាល្លឺម៉ង់ (DZIF) និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិក(CDC) ក្រសួងសុខាភិបាលកម្ពុជាបានធ្វើតេស្តយ៉ាងល្អិតល្អន់លើអ្នកដំណើរ និងសមាជិកក្រុមនាវិកទាំងអស់ចំនួន ២២៥៧នាក់។

ក្រសួងការបរទេសបញ្ជាក់ថា អត្ថបទ និងសេចក្តីថ្លែងការណ៍មានលក្ខណៈប្រញាប់ប្រញាល់ គ្មានការយកចិត្តទុកដាក់ គ្មានវិជ្ជាជីវៈ និង មានការចោទប្រកាន់មកលើកម្ពុជា បានជំរុញឱ្យមានការភ័យខ្លាច និងការភាន់ច្រលំដែលមិនគួរកើតមាន ក្នុងចំណោមសាធារណជន ពាក់ព័ន្ធទៅនឹងការរីករាលដាលនៃវីរុសCOVID-19 ដែលបណ្តាលឱ្យមានការរើសអើងចំពោះអ្នកដំណើរនៃនាវា Westerdam និងមានចេតនាទុច្ចរិតមិនឱ្យតម្លៃទៅលើកាយវិការមនុស្សធម៌ និងសមត្ថភាពផ្នែកសុខាភិបាលរបស់ប្រទេសកម្ពុជា។

ប្រភព ដដែល បន្ដថា ពាក់ព័ន្ធករណីស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ដែលកាលពីមុននេះត្រូវបានគេធ្វើតេស្តរកមេរោគ COVID-19 ឃើញវិជ្ជមាន នៅប្រទេសម៉ាឡេស៊ី ត្រូវបានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិក ជាអាជ្ញាធរសុខភាពដែលមានការទទួលស្គាល់ជាសាកល បានបដិសេធលទ្ធផលនៃការធ្វើតេស្តនោះ និងបានបញ្ជាក់តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ដែលបានលើកឡើងថា «ខ្ញុំសូមធ្វើការអះអាងថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត នឹងរកឃើញថាមានលទ្ធផលអវិជ្ជមាន រួមទាំងស្រ្តីវ័យ៨៣ឆ្នាំនោះផងដែរ»។ លើសពីនេះទៀត ស្របគ្នាជាមួយការរកឃើញរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិកដែរ គណៈកម្មាធិការនាយកផ្នែកការពារសុខភាពរបស់អូស្រ្តាលី (AHPPC) បានធ្វើការសម្រេចចិត្ត កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ ដកចេញនូវការកំហិតឲ្យអ្នកដំណើរចេញពីកប៉ាល់ Westerdam ដោយមិនចាំបាច់ស្ថិតនៅដាច់ដោយឡែកពីគេឯង រយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យរក COVID-19 នៅពេល ត្រឡប់មកដល់ប្រទេសអូស្ត្រាលីវិញនោះទេ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់កម្ពុជាចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកដំណើរលើនាវានោះ អាចធ្វើដំណើរដោយសុវត្ថិភាព ទៅកាន់គោលដៅប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួនវិញ។ កាយវិការរបស់កម្ពុជាបែបនេះ កើតឡើង ដោយសារក្តីអាណិតអាសូរ និងមនសិការមនុស្សជាតិ ការជឿជាក់យ៉ាងជ្រាលជ្រៅទៅលើគុណតម្លៃនៃសាមគ្គីភាពនិងការទទួលខុសត្រូវជាអន្តរជាតិ ប៉ុន្តែបន្ថែមលើនេះ កម្ពុជាក៏ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ផ្នែកវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រទៀតផង៕