សម្តេចតេជោ ហ៊ុនសែន ប្រកាសកាត់បន្ថយមន្ត្រីទៅប្រជុំនៅក្រៅប្រទេស និងជំរុញឲ្យមានការរៀបចំកិច្ចប្រជុំក្នុងខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាស កាត់បន្ថយមន្ត្រីតាមក្រសួងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាលទៅប្រជុំនៅក្រៅប្រទេស និងជំរុញឲ្យមានការរៀបចំកិច្ចប្រជុំក្នុងខេត្តសៀមរាប ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់ និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ។
ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ អំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ ត្រូវកាត់បន្ថយមន្ត្រីដែលត្រូវធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ។ម៉្យាងទៀតត្រូវចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយ ស្របពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងមានការធ្លាក់ចុះនៅកំណើនភ្ញៀវទេសចរអន្តរជាតិ ខណៈមានការផ្ទុះឡើងនៅជំងឺ COVID -19 នៅតាមបណ្តាប្រទេសជាច្រើន ។
សម្តេច តេជោ បានបញ្ជាក់ថា ជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយនេះ គឺតាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ បើកវគ្គបណ្ដុះបណ្ដាលខ្លីៗនិងកម្មវិធីផ្សេងៗទៀត ដែលរៀបចំដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល ដោយទៅធ្វើនៅតាមខេត្តសំខាន់ៗ ជាពិសេសនៅខេត្តសៀមរាប ដើម្បីឲ្យសណ្ឋាគារនិងភោជនីយដ្ឋាននៅខេត្តសៀមរាប អាចមានការកើនឡើងនូវចំនួនភ្ញៀវទេសចរឡើងវិញ ។
សំឡេង ៖ ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា មន្ត្រីកម្ពុជានៅតាមក្រសួងស្ថាប័ននានា ត្រូវកាត់បន្ថយការចូលរួមទៅការប្រជុំនៅក្រៅប្រទេស នោះកន្លែងណាដែលអាចចាត់តាំងអគ្គរដ្ឋទូតទៅចូលរួមបាន ក៏ចាត់តាំងអគ្គរដ្ឋទូតនៅទីនោះ ដើម្បីចូលរួម ។ហើយកន្លែងណាដែលត្រូវទៅ ឧទាហរណ៍ បើត្រូវទៅ១០នាក់ កាត់បន្ថយនូវត្រឹមតែបីបួននាក់បានហើយ គឺមិនចង់បាច់ទៅច្រើនពេកទេ ឯការប្រជុំទៀតសោត គប្បីត្រូវឲ្យមានវេទិកាប្រជុំនៅតាមខេត្តជាងនៅតាមទីក្រុងភ្នំពេញតែមួយ ហើយជាពិសេសសំដៅរកគោលដៅនៅខេត្តសៀមរាប ។ខ្ញុំគិតថានឹងមានកិច្ចប្រជុំបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅខេត្តសៀមរាប ដើម្បីឲ្យខេត្តសៀមរាបអាចទទួលបានភ្ញៀវទេសចរ ក្នុងស្រុករបស់យើងផងដែរ ៕