អាជ្ញាធរជាតិសំបូរព្រៃគុក ណែនាំប្រជាពលរដ្ឋដែលរស់នៅ ជុំវិញតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បញ្ឈប់នូវសកម្មភាពបង្កឱ្យមានជាភ្លើងឆេះព្រៃ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖អាជ្ញាធរជាតិសំបូរព្រៃគុកណែនាំប្រជាពលរដ្ឋដែលរស់នៅ ជុំវិញតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បញ្ឈប់នូវសកម្មភាពបង្កឱ្យមានជាភ្លើងឆេះព្រៃ ខណៈកាលពីថ្ងៃទី២៣ ខែកុម្ភៈ មានករណីភ្លើងឆេះព្រៃបង្កឡើងពីប្រជាពលរដ្ឋដុតគល់ជញ្ជាំង ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុកបានឲ្យដឹងថា កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង១១:១៤នាទីព្រឹក មានករណីភ្លើងឆេះព្រៃនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋ បានដុតគល់ជញ្ជាំង ហើយមានខ្យល់បក់ខ្លាំងបណ្តាលឱ្យឆេះរាលដល់ព្រៃល្បាស់ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ទាំងអស់មានទំហំចំនួនប្រមាណ២០ហិចតា ប៉ុន្តែពុំបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រៃឈើធំៗ និងប្រាសាទនានា ព្រមទាំងវត្ថុបុរាណក្នុងរមណីយដ្ឋានឡើយ។
ករណីនេះ អាជ្ញាធរជាតិសំបូរព្រៃគុក សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ស្នងការខេត្តកំពង់ធំលោកអធិការស្រុកប្រាសាទសំបូរ អង្គភាពនគរបាលការពារបេតិកភណ្ឌនិងអង្គភាពនគរបាលទេសចរណ៍ ដែលប្រចាំរមណីយដ្ឋានសំបូរព្រៃគុក ព្រមទាំងកងកំលាំងស្រុក និងខេត្តដែលបានសហការអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលា ដោយបានគ្រប់គ្រងស្ថានការបានល្អប្រសើរវិញនៅម៉ោង៥:០០ល្ងាចថ្ងៃដដែល ។
អាជ្ញាធរជាតិសំបូរព្រៃគុក សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបរកសិកម្ម ជុំវិញតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សូមមេត្តាបញ្ឈប់នូវសកម្មភាពដុតគល់ជញ្រ្ជាំង បង្កាត់ភ្លើង ឬសកម្មភាពណាមួយដែលជាហេតុបង្កឱ្យមានជាភ្លើងឆេះព្រៃបន្តទៀត ដែលអាចឱ្យប៉ះពាល់ដល់បរិស្ថាន ក៏ដូចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកទាំងមូល ៕