តួកគីបិទព្រំដែនជាមួយអ៊ីរ៉ង់ដោយសារការផ្ទុះឡើងនូវជំងឺកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ — កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃនៃប្រទេសតួកគីបាននិយាយថា ប្រទេសតួកគីបានប្រកាសបិទ ព្រំដែនជាមួយប្រទេសអ៊ីរ៉ង់ នៅចំពោះមុខនៃការកើនឡើងនូវករណីឆ្លងជំងឺកូរ៉ូណាវីរុស នៅក្នុងប្រទេស អ៊ីរ៉ង់។

ទូរទស្សន៍ A Haber បាននិយាយដោយដកស្រង់សម្តីពីសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃថា «ព្រំដែនរវាងតួកគី និងអ៊ីរ៉ង់ ត្រូវបានបិទដោយ​សារវីរុសនេះ»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់តួកគី លោក Fahrettin Koca បាននិយាយថា ទីក្រុងអង់ការ៉ាកំពុងផ្អាកសេវាកម្មដឹកជញ្ជូន​ជាមួយប្រទេសជិតខាង ជាពិសេសការហោះហើរ ការធ្វើដំណើរតាមរថភ្លើង និងការឆ្លងកាត់យានយន្តនានា។

ករណីដំបូងដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអ៊ីរ៉ង់បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​ ២០២០។ យោងតាមទិន្នន័យ​ផ្លូវការ ឥឡូវនេះចំនួនអ្នកឆ្លងជំងឺកូរ៉ូណាវីរុសនេះបានកើនឡើងដល់ ៤៣នាក់ហើយ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨នាក់។

នៅចុងខែធ្នូ ឆ្នាំ២០១៩ មានការផ្ទុះឡើងនូវជំងឺរលាកសួតធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុស COVID-19 (កាលពីមុនត្រូវបានគេស្គាល់ថា ជា 2019-nCoV) ត្រូវបានគេរាយការណ៍នៅទីក្រុងវូហាន ប្រទេសចិន ដែលជាទីតាំងកម្លាំងសេដ្ឋកិច្ច និងឧស្សាហកម្មដែល​មានប្រជាជន ១២លាននាក់។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការឆ្លងមេរោគកូរ៉ូណាវីរុសថ្មីនេះ គឺជាភាពអាសន្ន​ផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ដែលបញ្ជាក់ថា វាជាជំងឺរាតត្បាតដែលមានទីតាំងជាច្រើន។ ក្រៅពីប្រទេសចិន មានប្រទេសចំនួន ២៧ផ្សេងទៀតរួមទាំងប្រទេសរុស្ស៊ីផងដែរ បានរាយការណ៍អំពីករណីឆ្លងវីរុសនេះ។ យោងតាមរបាយការណ៍ចុង​ក្រោយបានបង្ហាញថា ប្រទេសចិនបានបញ្ជាក់ថា មានអ្នកជំងឺជាង ៧៧.០០០នាក់បានឆ្លងវីរុសនេះ។ ចំនួនអ្នកស្លាប់ដោយសារវីរុសបាន​កើនឡើងដល់ ២.៤៤២នាក់ ប៉ុន្តែអ្នកជំងឺជាង ២២.៩០០នាក់បានព្យាបាលជាសះស្បើយ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)