សាលារៀននៅក្នុងប្រទេសអ៊ីរ៉ង់បានបិទជាបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺរលាកសួតកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ — នាយកដ្ឋានអប់រំនៃទីក្រុងតេហេរ៉ង់បានប្រកាសថា សាលារៀនមួយចំនួននៅរដ្ឋធានីអ៊ីរ៉ង់បានបិទ​អស់រយៈពេលពីរថ្ងៃហើយ ស្របពេលដែលមានការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុសថ្មី នៅក្នុងប្រទេសនេះ។

នាយកដ្ឋាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀនមួយចំនួននឹងត្រូវបិទទ្វារនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់សិស្សទាំងអស់ ហើយការសម្លាប់មេរោគនឹងត្រូវអនុវត្តន៍នៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅក្នុង​ទីក្រុងតេអេរ៉ង់។

គ្រឹះស្ថានអប់រំផ្សេងៗទៀតក៏នឹងត្រូវបិទទ្វារផងដែរក្នុងរយៈពេលផ្សេងៗគ្នា នៅតំបន់ផ្សេងទៀតនៃប្រទេសអ៊ីរ៉ង់ រួមទាំងខេត្ត Qom ដែលមានករណីឆ្លងវីរុសនេះដំបូងគេនៅសប្តាហ៍នេះ។ ព្រឹត្តិការណ៍វប្បធម៌ទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវលុបចោលក្នុងរយៈពេល​មួយ​សប្តាហ៍។

យោងតាមទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលអ៊ីរ៉ង់បានឱ្យដឹងថា ករណីឆ្លងមេរោគកូរ៉ូណា វីរុសមានចំនួន ២៨ករណី ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសនេះ។ យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់ដោយសារជំងឺរលាកសួតកូរ៉ូណាវីរុស (COVID-19) នៅក្នុងប្រទេសអ៊ីរ៉ង់។ ករណីឆ្លងវីរុសជំងឺនេះ ២ករណី ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងតេហេរ៉ង់។ ប្រភពដើមពិតប្រាកដនៃការផ្ទុះឡើង​នៃមេរោគកូរ៉ូណាវីរុសនៅអ៊ីរ៉ង់មិនត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ។

ជំងឺមេរោគកូរ៉ូណាវីរុស ដែលត្រូវបានដាក់ឈ្មោះថា COVID-19 ដោយអង្គការសុខភាពពិភពលោក (WHO) ត្រូវបានរកឃើញ​ដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះមក វាបានរាលដាលដល់ជាង ២៥ប្រទេសផ្សេងទៀត។ ការផ្ទុះឡើងនៃជំងឺនេះបានធ្វើឱ្យមនុស្សជាង ៧៧.០០០នាក់ បានឆ្លងនៅទូទាំងពិភពលោករួចទៅហើយ ហើយបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២.៤៤២នាក់៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)