វៀតណាមមិនបានហាមឃាត់ជើងហោះហើរភ្ជាប់ជាមួយ កូរ៉េខាងត្បូងដោយសារជំងឺCOVID-19 ទេ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២០ មន្រ្តីជាន់ខ្ពស់វៀតណាមម្នាក់បាននិយាយថា រហូតមកដល់​ពេលនេះ ក្រសួងដឹកជញ្ជូនរបស់វៀតណាមមិនបានសម្រេចចិត្តផ្អាកការហោះហើររវាងវៀតណាម និងសាធារណរដ្ឋកូរ៉េ ចំពោះការវិវត្តនៃ​ភាពស្មុគស្មាញនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលមកពីមេរោគកូរ៉ូណាវីរុសថ្មី (COVID-19) នៅក្នុងប្រទេសនៃតំបន់អាស៊ីភាគឦសាន​មួយនេះទេ។

និយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន VNA អនុរដ្ឋមន្រ្តី លោក Le Anh Tuan បាននិយាយបន្ថែមទៀតថា អ្នកដំណើររបស់​សាធារណរដ្ឋកូរ៉េដែលបានកក់ ឬទិញសំបុត្រទៅកាន់ប្រទេសវៀតណាមបានលុបចោលផែនការរបស់ពួកគេ ហើយបច្ចុប្បន្ននេះ មានតែជើងហោះហើរពីប្រទេសវៀតណាមដែលដឹកអ្នកដំណើរកូរ៉េខាងត្បូងទៅកាន់ប្រទេសពួកគេវិញតែប៉ុណ្ណោះ។

មន្ត្រីរូបនោះបាននិយាយថា ដោយសារគ្មានអ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍នានាបានផ្អាកជើងហោះហើររបស់ខ្លួនពីប្រទេស​វៀតណាមទៅកាន់ទីក្រុងDaeguដែលត្រូវបានពិពណ៌នាថាជាចំណុចកណ្តាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយលោកបានសង្កត់ធ្ងន់ថា អាជ្ញាធរកំពុងឃ្លាំមើលស្ថានការណ៍នៅទីនោះយ៉ាងយកចិត្តទុកដាក់។

នៅមុននេះ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា ព័ត៌មានដែលចោទប្រកាន់ថា មានការហាមឃាត់ការហោះហើររវាង វៀតណាម និងកូរ៉េខាងត្បូង ក៏ដូចជារវាងវៀតណាម និងជប៉ុន គឺជាការប្រឌិត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)