សម្តេចតេជោហ៊ុនសែនបានប្រកាសមិនស្នើសុំប្រព័ន្ធអនុគ្រោះពន្ធEBA២០ភាគរយ ពីអឺរ៉ុប ត្រលប់មកវិញទេ

វិទ្យុជាតិកម្ពុជា ៖ សុខរិន
MC ៖ សម្តេចតេជោហ៊ុនសែនបានប្រកាសមិនស្នើសុំប្រព័ន្ធអនុគ្រោះពន្ធEBA២០ភាគរយ ពីអឺរ៉ុប ត្រលប់មកវិញទេ ខណៈដែលកម្ពុជាបានត្រៀមលក្ខណៈដោះស្រាយបញ្ហាផលប៉ៈពាល់ នេះរួចរាល់អស់ហើយ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា កម្ពុជា មិនអាចយកច្បាប់របស់ខ្លួន អធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរភាពអនុគ្រោះ២០ភាគរយត្រលប់មកវិញទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងសារពិសេសជូនជនរួមជាតិអំពីស្ថាន ការណ៍ថ្មីៗពាក់ព័ន្ធនឹងកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះថា រាជរដ្ឋាភិបាលបានបង្កើនវិធានការ ដោះស្រាយនានាពាក់ព័ន្ធកាត់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយនេះរួចរាល់ហើយគឺលើកលែងយកពន្ធ ចំពោះរោងចក្រសហគ្រាសកាត់ដេរសម្លៀកបំពាក់ដែលព្យួរការងាររយៈពេលពី៦ខែ ទៅ១ឆ្នាំ។ បន្ថែមពីនេះទៀតដោះស្រាយផលប៉ៈពាល់ផ្នែកជីវភាពរបស់កម្មករផងដែរ ដោយផ្តល់ប្រាក់ឈ្នួលចំនួន៦០ ភាគរយនៃតម្លៃប្រាក់ឈ្នួលគោលសរុបរហូតដល់៦ខែ សម្រាប់កម្មករ ក្នុង អំឡុងពេលមិនទាន់មានការងារធ្វើថ្មី និងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសពីក្រសួង ការងារ។
សម្តេចតេជោបានអៈអាងថា ការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធចំនួន២០ភាគរយមិនអាចធ្វើឲ្យ ប៉ៈពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទំាងអស់កុំមានការព្រួយ បារម្ភឲ្យសោះ ហើយកម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយជាមួយបណ្តាល ប្រទេសដ៏ទៃទៀត ដើម្បីជំរុញការនាំចេញ និងបង្កើនសេដ្ឋកិច្ចកម្ពុជា។
សម្លេង
«អ្នកសម្រេចក៏សម្រេចទៅចុះហើយហ៊ុនសែនមិនស្នើសុំឲ្យមានការយោគយល់ថាបោះឆ្នោតជំទាស់ឬបោះប្រឆាំងអីទេ គឺអនុវត្តទៅចុះប៉ុន្តែអ្នកត្រូវតែយល់ថា កម្ពុជាកំពុងដើរទៅលើផ្លូវដែលខ្លួនបានជ្រើសរើសរួចមកហើយសូមអ្នកវិភាគរឿងនេះអ្នកឯងចាំឱ្យបានច្បាស់ អ្នកដទៃទៀតឱ្យបានច្បាស់ចិត្តរបស់អ្នកឯងចង់យកអធិបតេយ្យខ្មែរទៅដោះដូរយើងមិនអាចទៅតាមអ្នកឯងបានទេសូមចាំទុកនេះ គឺជាប្រទេសមួយឯករាជ្យប្រជាធិបតេយ្យ។ បើច្បាប់របស់ខ្លួនមិនអាចអនុវត្តបានតើចាំបាច់ធ្វើប្រទេសធ្វើអី នេះគឺជាការត្រៀមរៀបចំ ក្មួយៗទាំងឡាយកម្មករកម្មការនីសូមកុំបារម្ភរាជរដ្ឋាភិបាលមានសមត្ថភាពដើម្បីនិងទទួលខុសត្រូវ ៨០ភាគរយ បន្តការងារធម្មតានាំចូលធម្មតា ២០ភាគរយបង់ពន្ធឲ្យគេទៅ ហើយបើយោងតាម ការគិតគូរក្នុងចំណោមនៃទំនិញនាំចេញទៅសម្រាប់អឺរ៉ុប ដកចេញនៅអង់គ្លេសចេញចំនួនដែលយើងត្រូវបង់ពន្ធ ប្រហាក់ប្រហែលក្រោម ១០០ លានដុល្លារឬជុំវិញ ១០០ លានដុល្លារប៉ុណ្ណោះដែលយើងត្រូវបង់ពន្ធ។ ដូច្នេះគ្មានរឿងយកប្រជាធិបតេយ្យទៅដោះដូរចំនួន ១០០ លានដុល្លារនោះទេ សូមចាំឲ្យច្បាស់អំពីចំណុចនេះខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតថាយើងមានការទទួលខុសត្រូវចំពោះជាតិរបស់យើង។ មិនអាចទុកឱ្យអ្នកបំផ្លាញជាតិបានរួចខ្លួនទៅទៀតទាល់តែសោះហើយ ដំណើរការផ្លូវច្បាប់ក្នុងតុលាការនៅតែបន្តអត់មានថយក្រោយទេ ច្បាប់របស់អ្នក អ្នកអនុវត្តចុះ ច្បាប់របស់យើងខ្ញុំ ខ្ញុំត្រូវតែអនុវត្ត ដូច្នេះមិនអាចលាយលំបានទេ បានជាជ្រុលធ្វើហើយយើងត្រូវហ៊ានលេងល្បែងមួយនេះដើម្បីការពារឯករាជ្យប្រជាធិបតេយ្យជាតិរបស់យើង អ្នកឯងយល់ថាឱ្យយើងធ្វើតាមអឺរ៉ុបការទាមទាររបស់គណៈកម្មការអឺរ៉ុប ខ្ញុំមិនអាចធ្វើតាមអ្នកឯងបានទេ អ្នកឯងចង់និយាយធ្វើអីចង់អ្នកឯងចង់ចាកចេញពីស្រុកខ្មែរក៏ ចាកចេញទៅចុះ បើអ្នកឯងមិនពេញចិត្ត យើងគ្មានសិទ្ធិដេញអ្នកឯងទេ ក៏ប៉ុន្តែ អ្នកឯងយល់ឃើញប្រទេសនេះមិនសមស្របដើម្បីអ្នកឯងរស់នៅអ្នកឯងអាចចេញទៅនៅក្រៅប្រទេស ព្រោះខ្មែរយើងរស់នៅក្រៅប្រទេសចង់មកនៅក្នុងស្រុកយើងក៏មិនដែលហាមឃាត់ចង់ទៅនៅក្រៅប្រទេសក៏យើងមិនដែលហាមឃាត់ដូច្នេះត្រង់ចំណុចនេះយើងបញ្ជាក់ច្បាស់នៅទីនេះ៕