កម្មករនឹងទទួលបានប្រាក់ឈ្នួល៦០ភាគរយក្នុងអំឡុងពេលរោងចក្រព្យួរការងាររហូតដល់៦ខែ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖សម្តេចតេជោបានអៈអាងថា កម្មករកម្មការិនីដែលបំរើការងារក្នុងឧស្សាហកម្មកាត់ដេរសំលៀក បំពាក់និងស្បែងជើង នឹងទទួលបានប្រាក់ឈ្នួលរហូតដល់៦០ភាគរយក្នុងរយៈពេល៦ខែ ក្នុងអំឡុងពេលរោងចក្ររបស់ពួកគេព្យួរការងារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈដែលមិនទាន់រកការងារថ្មីធ្វើបាន។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា រាជរដ្ឋាភិ បាលកម្ពុជាបានសម្រេចឧបត្ថម្ភប្រាក់២០ភាគរយបន្ថែម លើកប្រាក់៤០ភាគរយរបស់រោងចក្រដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម ដើម្បីជួយដល់កម្មករ កម្មការិនី ។
ថ្លែងសារពិសេសជូនជនរួមជាតិអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ដោយសារខ្វះវត្ថុធាតុដើមពីចិនធ្វើឲ្យរោងចក្រនៅកម្ពុជា ត្រូវផ្អាកដំណើរការរយៈពេលពេលខ្លី ប៉ុន្តែរោងចក្រត្រូវបើកប្រាក់ខែ ៤០ភាគរយ លើកប្រាក់អប្បបរមា ជូនកម្មករ កម្មការិនី ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ជីវភាពកម្មករ កម្មការិនី។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងអំឡុងពេលទទួលឧបត្ថម្ភប្រាក់បៀវត្សហើយនោះ កម្មករ និយោជិត ត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ រវាងពី១សប្តាហ៍ទៅ២សប្តាហ៍ ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមរោងចក្រសហគ្រាសរបស់ខ្លួន ដើម្បីទទួលបានជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ការអនុវត្តអនាគតរបស់ខ្លួន។
សំឡេង «សម្រាប់រោងចក្រសហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម រោងចក្រសហគ្រាសត្រូវចេញប្រាក់ខែ៤០ភាគរយ នៃប្រាក់ខែអប្បរមារបស់កម្មករនិយោជិត ដែលមានចំនួន១៩០ ដុល្លារអាមេរិក នៅឆ្នាំ២០២០ខណៈដែលរាជរដ្ឋាភិបាលនិងចូលរូម ចំណែក២០ភាគរយ នៃប្រាក់ខែអប្បរមា សរុបកម្មករម្នាក់និងទទួលប្រាក់ខែ ៦០ភាគរយនៃប្រាក់ខែអប្បរមា ។ បានសេចក្តីថាព្យួរមួយរយៈ កម្មករត្រូវទទួលពីរោងចក្រនូវប្រាក់ខែ ១៩០ ដុល្លារគឺទទួលបាន៤០ភាគរយ រាជរដ្ឋាភិបាលនិងជួយបន្ថែមទៅឲ្យកម្មករ កម្មការិនី ២០ភាគរយទៀត ។ដូច្នេះកម្មករ កម្មការិនី នៅទទួលបាននៅបៀវត្ស ប្រមាណជា៦០ភាគរយប្រហែលជា ខ្ទុង១២០ ដុល្លារអាមេរិកផងដែរ ។ ដើម្បីទទួលបាននៅការឧបត្ថម្ភនេះ ក្មួយៗជាកម្មករ និយោជិត ត្រូវចូលរួមវគ្គបណ្តុះ បណ្តាលខ្លីៗ រវាងពី១ទៅ២សប្តាហ៍ ដែររៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តារោងចក្រសហគ្រាស »៕