ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យម្ចាស់សណ្ឋាគារបន្ធូរបន្ថយតម្លៃឈ្នួលទៅតាមលទ្ធភាព ដើម្បី ជំរុញការលើកកម្ពស់វិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី
MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់នៅទូទំាង ប្រទេសគួរបន្ធូរបន្ថយតម្លៃឈ្នួល ទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីបង្កើនចំនួនភ្ញៀវទេសចរនិងជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។
ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅក្រៅប្រទេសក្នុងមួយឆ្នាំជាង១លាននាក់ សូមងាកមកធ្វើដំណើរក្នុងស្រុករបស់យើងវិញ ដើម្បីជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការចរាចរណ៍រូបិយប័ណ្ណនៅក្រៅប្រទេស ។
សម្តេច បញ្ជាក់ថា ការដែលងាកមកធ្វើដំណើរនៅក្នុងប្រទេស គឺដើម្បីជួយស្រោចស្រង់នូវវិស័យទេសចរណ៍របស់យើង តាមរយៈនៃការធ្លាក់ចុះនៃទេសចរបរទេស ដើម្បីធ្វើយ៉ាងណាជួយដល់ វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកំសាន្តនានានៅក្នុងស្រុក ស្របពេលបច្ចុប្បន្នកំពុងមានការធ្លាក់ចុះនៅកំណើនភ្ញៀវទេសចរអន្តជាតិ ខណៈពេលមានជំងឺCOVID-19។
សំឡេង៖ “ក៏សូមអំពាវនាវឲ្យម្ចាស់សណ្ឋាគារ បន្ធូរបន្ថយថ្លៃ តាមលទ្ធភាពដែលអាចធ្វើទៅបាន ជាជាងទុកបន្ទប់ចោល អញ្ចឹងទេឧទាហរណ៍ថាធ្លាប់៥០ដុល្លារក្នុងមួយបន្ទប់ ចុះមកនៅតែ ៣០ឬ២៥ គឺវាសមហេតុផលណាស់ទៅហើយ ជៀសជាងទុកបន្ទប់ចោល។ អញ្ចឹងជាការបំពេញឲ្យគ្នា ប្រសិនបើយើងឡើងថ្លៃ គេមិនទៅ អាហ្នឹងជារឿងសិទ្ធិ យើងមិនអាចបង្ខំទៅណាបានទេ លើកលែងតែរដ្ឋាភិបាលមួយប៉ុណ្ណោះ ដែលមានលទ្ធភាពទៅបើកការប្រជុំនៅទីនោះ សមាជិកសមាជិការាជរដ្ឋាភិបាលនឹងទៅកាន់ទីនោះ”៕