តំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងនៅតែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិគ្រប់រដូវកាល

វិទ្យុជាតិកម្ពុជា:ស្រីផល
MC:តំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបង កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយមកទស្សនាគ្រប់រដូវកាល មិនចេះរីងស្ងួត ដោយសារភាពល្អឯកដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បន្សល់ទុក។
លោក អ៊ុច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ខេត្តបាត់ដំបងមានសក្តានុពលទេសចរណ៍ ប្រវត្តិសាស្រ្ត វប្បធម៍ ធម្មជាតិ និងការកែច្នៃដែលសុទ្ធតែជាចំណុចនៃការទាក់ទាញអ្នកទេសចរជាតិ អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគទុនលើវិស័យទេសចរណ៍ អោយចូលមកសម្រាកកំសាន្ត បណ្តាក់ទុននៅក្នុងខេត្តបាត់ដំបង មិនចេះស្រាកស្រាន្ត។
លោកប្រធានមន្ទីរបានបន្តថា ដោយសារខេត្តបាត់ដំបង គឺជាទឹកដីប្រវត្តិសាស្រ្តមានភាពល្អឯក ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បន្សល់ទុក ដែលធ្វើអោយខេត្តមួយនេះ ក្លាយជាខេត្តមួយមាន សេដ្ឋកិច្ចខ្ពស់ សន្តិសុខល្អ ។លោក បញ្ជាក់ថា តំបន់រម្មណីយដ្ឋានដែលមានភាពទាញមានដូចជា រម្មណីយដ្ឋានជ្រលងបុព្វតា រម្មណីយដ្ឋានភ្នំសំពៅ ជ្រលងសេកសក រម្មណីយដ្ឋានធម្មជាតិបឹងកំពីងពួយ និងតំបន់ប្រវត្តិសាស្រ្តមួយចំនួនដូចជា ប្រសាទភ្នំបាណន់ វត្តឯកភ្នំ ប្រាសាទស្នឹង វត្តសំរោង រទេះភ្លើងឬស្សី (Bamboo Train) និងរម្មណីយដ្ឋានបន្ទាយសត្វជាដើម ដែលបន្សល់ទុកសំរាប់មនុស្សជំនាន់ក្រោយសិក្សា រៀនសូត្រ ទស្សនា និងអភិរក្សការពារ បន្តផងដែរ។
សំឡេង: ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ វប្បធម៍ ប្រវត្តិសាស្រ្តហើយនិងទេសចរណ៍ធម្មជាតិ ទេសចរណ៍ទាំងអស់នេះវាមានភាពទាក់ទាញខ្លាំង នៅក្នុងពេលបច្ចុប្បន្ន ពិសេសបណ្តាភ្ញៀវជាតិ អន្តរជាតិតែងតែមានការ កោតសសើរ ចំពោះការយកចិត្តទុកដាក់រៀបចំតំបន់គោលដៅទាំងអស់នេះ អោយមានភាពល្អប្រសើរ និងមានស្តង់ដាប្រកបដោយអនាម័យ សុខភាព និងការទទួលខុសត្រូវ ជាពិសេសគឺការផ្តល់សេវា តម្លៃ ទៅតាមតំបន់ទេសចរណ៍នានា ក៏ដូចជាទីស្នាក់អាស្រ័យ ព្រមទាំងនៅតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាននានា។
គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង នៅតែទទួលបានចំណាត់ថ្នាក់រំដួល៣ទង គឺបង្ហាញអំពីការយកចិត្តទុកដាក់ ការថែរក្សាបរិស្ថានសព្វបែបយ៉ាង ដើម្បីបំរើដល់ភាពល្អប្រសើរនៃវិស័យទេសចរ និងកំណើនភ្ញៀវទេសចរអោយបន្តមកទស្សនាបន្ថែមទៀត៕