គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

Mc៖គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីរិតចំណងមិត្តភាពប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។

តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយថង កែវឌួងឌី ប្រធានក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា និងជាប្រធានគណៈកម្មាធិការច្បាប់នៃសភាទ្បាវ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានអញ្ជើញមកដល់ច្រកអន្តរជាតិណងនុកខៀន ព្រំដែនកម្ពុជា-ទ្បាវ (ខេត្តចំប៉ាសាក់) នៅវេលាម៉ោង ៩:៥០នាទី នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជាឡាវ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅច្រកអន្តរជាតិណងនុកខៀន ខេត្តចំប៉ាសាក់ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាផ្លូវការពីសំណាក់ ឯកឧត្តម មេកសុវាន់ ព្រំពិថាក់ អនុប្រធានក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា និងជាប្រធានសភាប្រជាជនខេត្តចំប៉ាសាក់ និងលោក ស៊ឹម សុខុម ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ា់សាក់។ តាមគម្រោង បន្ទាប់ពីអញ្ជើញដល់ខេត្តចំប៉ាសាក់ ប្រទេសឡាវ ឯកឧត្តម ជា វ៉ាន់ដេត និងគណៈប្រតិភូ នឹងជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៊ុនថង ឌីវិស័យ អភិបាលខេត្តចំប៉ាសាក់ នៅសណ្ឋាគារ Grand Champasak នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ដំណើរទស្សនកិច្ចរបស់ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ នៅប្រទេសឡាវនាពេលនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំឡើងថែមទៀត ជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ។

ក្រៅពីជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តចំប៉ាសាក់ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងចូលជួបសវនាការ សម្តែងការគួរសមជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃប្រទេសឡាវ ក្នុងនោះមាន ជំនួបសវនាការទ្វេភាគីជាមួយ ឯកឧត្តម សាយថង កែវឌួងឌី ប្រធានក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា និងជាប្រធានគណៈកម្មាធិការច្បាប់នៃសភាទ្បាវជាដើម៕