កូរ៉េខាងត្បូងរកឃើញមនុស្សឆ្លងថ្មី COVID-19 ចំនួន១៦១ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លង COVID-19 ចំនួន ១៦១ ករណីបន្ថែមទៀតនៅថ្ងៃច័ន្ទនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើន ដល់ ៧៦៣ នាក់។ដូច្នេះកូរ៉េខាងត្បូងក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងថ្មី COVID-19 ច្រើនជាងគេលើពិភពលោកបន្ទាប់ពីប្រទេសចិន។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង (KCDC)បានឲ្យដឹងទៀតថា ខណៈដែលចំនួនអ្នកឆ្លង COVID-19 មានការកើនឡើងនេះ ករណីស្លាប់បានកើនឡើងរហូតដល់ ៧នាក់ហើយបន្ទាប់ពីអ្នកជំងឺ២នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា តួលេខនៃការឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសម្រាប់ករណីឆ្លងថ្មីៗ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងក្រុង ឆុងទូ (Cheongdo) និងព្រះវិហារគ្រិស្តសាសនាមួយមានឈ្មោះថា ស៊ីនឈុនជី (Shincheonji) ស្ថិតក្នុងក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលមានមនុស្សរស់នៅជាង ២.៥លាននាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia