អូស្រ្តាលីនឹងចំណាយ ៧២៦ លានដុល្លារដើម្បីអភិវឌ្ឍមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រ នៅភាគខាងជើង

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង
លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសថា អូស្ត្រាលីនឹងចំណាយប្រាក់ ១,១ ពាន់លានដុល្លារអូស្រ្តាលី (ស្នើនឹង៧២៦ លានដុល្លារ) ដើម្បីអភិវឌ្ឍមូលដ្ឋានទ័ពអាកាសជាយុទ្ធសាស្ត្រនៅភាគខាងជើងប្រទេសនេះដែលជាតំបន់ត្រូពិក។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
នាយករដ្ឋមន្រ្តីអូស្រ្តាលីបានឲ្យដឹងទៀតថា មូលដ្ឋាននៅក្នុងទីប្រជុំជនតំបន់ខាធើរីន (Katherine) ក្នុងដែនដីភាគខាងជើងរបស់អូស្រ្តាលីនឹងក្លាយជាមូលដ្ឋានថ្មីរបស់កងយន្តហោះចម្បាំង F-35 ថ្មី ដែលគ្រោងនឹងបញ្ចប់ការអភិវឌ្ឍនៅឆ្នាំ ២០២៧ ហើយនឹងមានកងទ័ពអាមេរិកប្រមាណ១,២៥០នាក់ឈរជើងនៅទីនោះផងដែរ ដែលនេះសបញ្ជាក់អំពីសម្ព័ន្ធភាពរវាងអូស្រ្តាលីនិងអាមេរិកក្នុងការបង្កើនសមត្ថភាពទ័ពអាកាសនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។
គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍមូលដ្ឋានទ័ពអាកាសជាយុទ្ធសាស្ត្ររបស់អូស្រ្តាលីនេះ គេមើលឃើញថា ដើម្បីបង្ហាញសាច់ដុំដាក់យក្សចិនខណៈទំនាក់ទំនងប្រទេសទាំងពីរកំពុងមានភាពតានតឹង ពាក់ព័ន្ធនឹងឥទ្ធិពលចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកដោយសារជំនួយហិរញ្ញវត្ថុរបស់ចិន។ទោះបីជាក្រុងប៉េកាំងជំទាស់ការចោទប្រកាន់នេះក៏ដោយ អូស្រ្តាលីនៅតែព្រួយបារម្ភវត្តមានយោធាចិននៅក្នុងតំបន់នោះ៕
ប្រភព៖សារព័ត៌មាន Channel News Asia